ព័ត៌មានអន្តរជាតិ

ការកាន់កាប់កោះ Perim របស់ហ៊ូធី បង្កការព្រួយបារម្ភ ពីការប្រឈមមុខជាមួយអាមេរិក

សហរដ្ឋអាមេរិក៖ ក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ បានកាន់កាប់កោះ Perim នៅច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃទី១១ ខែកញ្ញា ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការដឹកជញ្ជូនរវាងសមុទ្រក្រហម និងឈូងសមុទ្រ Aden។
លោក Morgan Murphy អតីតមន្ត្រីមន្ទីរបញ្ចកោណ និង អតីតកងទ័ពជើងទឹកអាមេរិក បានព្រមានថា ការកាន់កាប់កោះនេះ អាចធ្វើឱ្យកងកម្លាំងហ៊ូធី ស្ថិតក្នុងអ្វីដែលយោធាហៅថា «Kill Box» ដែលមានន័យថា តំបន់ងាយរងការវាយប្រហារពីកម្លាំងយោធា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Fox News នៅថ្ងៃទៅ១៤ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក Murphy បានចាត់ទុកកោះ Perim ថា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដោយសារទីតាំងស្ថិតនៅចំកណ្តាលច្រក Bab el-Mandeb ដែលមានទទឹងប្រមាណ ១៨ម៉ាយ និងអាចមានឥទ្ធិពលលើចរាចរណ៍នាវាចរណ៍អន្តរជាតិ។ កោះនេះក៏មានផ្លូវរត់យន្តហោះប្រវែងប្រមាណ ១,៨៥០ម៉ែត្រ និងសំណង់យោធាមួយចំនួន។

ការវិវត្តនេះកើតឡើង ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងក្រុមហ៊ូធីនៅតែបន្ត។ ប្រភពបានឱ្យដឹងថា ព្រះអង្គម្ចាស់ Mohammed bin Salman នៃអារ៉ាប៊ីសាអូឌីត បានទាក់ទងប្រធានាធិបតី Donald Trump ដើម្បីជំរុញឱ្យអាមេរិកចាត់វិធានការលើទីតាំងរបស់ហ៊ូធី ប៉ុន្តែរដ្ឋបាលអាមេរិក មិនបានសម្រេចធ្វើអន្តរាគមន៍ យោធាភ្លាមៗនោះទេ។

លោក Murphy ក៏បានអះអាងថា ការពង្រីកវត្តមានរបស់ហ៊ូធីនៅតំបន់នេះ អាចបង្កើនហានិភ័យ ដល់សេរីភាព នៃការធ្វើនាវាចរណ៍ និងធ្វើឱ្យមានសម្ពាធបន្ថែមលើទីផ្សារ ថាមពលពិភពលោក ខណៈកោះ Perim កាន់តែមានសារៈសំខាន់ ក្នុងការប្រកួតប្រជែងឥទ្ធិពលនៅសមុទ្រក្រហម។

ប្រែសម្រួល៖ គីរី

To Top