លោក Pezeshkian ថ្កោលទោស «សង្គ្រាម» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោស សង្គ្រាមដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Pezeshkian បានបញ្ជាក់ជាថ្មីថា ទោះបីជាមានសម្ពាធ និងការគំរាមកំហែងពីសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសអ៊ីរ៉ង់ នឹងមិនចុះចាញ់ឡើយ។
លោកបានលេីកឡេីងថា៖ «ប្រសិនបើជនជាតិអាមេរិកចង់ធ្វើសង្គ្រាមមែននោះ ចូរឱ្យពួកគេប្រឈមមុខនឹងកងកម្លាំងយោធាដ៏ក្លាហានរបស់យើង។ ហេតុអ្វីបានជាធ្វើសង្គ្រាមលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ការផ្គត់ផ្គង់ស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជន? ប្រសិនបើពួកគេជាមនុស្សមែននោះ ហេតុអ្វីបានជាពួកគេរារាំងប្រជាជនមិនឱ្យទទួលបានទឹក អាហារ និងថ្នាំពេទ្យ? ប្រជាជនរបស់យើងនឹងមិនចុះចាញ់ ចំពោះការគំរាមកំហែងឡើយ។ អ៊ីរ៉ង់ នឹងមិនចុះចាញ់ទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនៅពេលនោះ គឺលោក Ali Khamenei ព្រមទាំងមេបញ្ជាការយោធា និងជនស៊ីវិលជាច្រើននាក់។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ផងដែរ។
ទោះបីជាទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីខែមិថុនា ស្តីពីការបញ្ចប់សង្គ្រាមក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបន្តរក្សាការបិទខ្ទប់ផ្លូវសមុទ្រ ហើយចាប់តាំងពីចុងខែមុនមក បានបង្កើនសម្ពាធសេដ្ឋកិច្ច និងការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
