ព័ត៌មានអន្តរជាតិ

ការផ្អាកដំណើរការបំពង់ បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ ៤% នៃការផ្គត់ផ្គង់ប្រេងសកល

បរទេស៖ អ្នកទិញ និងពាណិជ្ជករប្រេងរបស់អារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងអស់ស្តុកប្រេងសម្រាប់នាំចេញ ប្រសិនបើអារ៉ាប៊ីសាអូឌីតមិនចាប់ផ្តើមដំណើរការបំពង់បង្ហូរប្រេងដ៏សំខាន់ឆ្ពោះទៅកាន់សមុទ្រក្រហមឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ ដែលនឹងនាំឱ្យបាត់បង់ការផ្គត់ផ្គង់ប្រេងរហូតដល់ ៤% នៅលើទីផ្សារពិភពលោក។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា ការធ្លាក់ចុះបន្ថែមទៀតនៃការផ្គត់ផ្គង់ប្រេងពីអារ៉ាប៊ីសាអូឌីត នឹងធ្វើឱ្យបញ្ហាខ្វះខាតការផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរឡើង ដែលបញ្ហានេះបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈសកលឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ រុញច្រានអតិផរណានៅទូទាំងពិភពលោក និងធ្វើឱ្យអត្រាផលចំណេញ នៃមូលបត្របំណុលរបស់សហរដ្ឋអាមេរិកកើនឡើង ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក។

ចាប់តាំងពីការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក (drone) បានបង្ខំឱ្យអារ៉ាប៊ីសាអូឌីតបិទបំពង់បង្ហូរប្រេង ដ៏ធំដែលតភ្ជាប់ពីភាគខាងកើតទៅភាគខាងលិច កាលពីថ្ងៃសុក្រមក រដ្ឋាភិបាលទីក្រុងរីយ៉ាដមិនទាន់បានផ្តល់ព័ត៌មាន លម្អិតពេញលេញអំពីកម្រិតនៃការខូចខាត ឬរយៈពេលដែលបំពង់បង្ហូរប្រេងនេះ នឹងត្រូវផ្អាកដំណើរការនោះទេ។

ប្រភពព័ត៌មានដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បានផ្តល់ការប៉ាន់ស្មានខុសៗគ្នា ដោយប្រភពមួយបាននិយាយថា ការជួសជុលការខូចខាតអាចចំណាយពេលយូររហូតដល់ ៥ ទៅ ៦ សប្តាហ៍ ខណៈដែលប្រភពមួយទៀតបាននិយាយថា វាអាចជួសជុលបានលឿនជាងនេះ ហើយអាចចាប់ផ្តើមបូមប្រេងឡើងវិញខ្លះៗក្នុងអំឡុងពេលកំពុងជួសជុល។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល និងក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ បំពង់បង្ហូរប្រេង ដែលឆ្លងកាត់វាលខ្សាច់នៃឧបទ្វីបអារ៉ាប់មួយនេះ បានជួយការពារអារ៉ាប៊ីសាអូឌីត ពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការបិទច្រកសមុទ្រ Hormuz ដោយសារតែសង្គ្រាម ដែលបានធ្វើឱ្យការនាំចេញរបស់ប្រទេសជិតខាងខ្លួនត្រូវជាប់គាំង។

To Top