Feature

លោក ត្រាំ ប្រាប់ប្រធានាធិបតីរបស់អ៊ុយក្រែន ឱ្យបញ្ឈប់ការវាយប្រហារលើឃ្លាំងប្រេងម៉ាស៊ូតរបស់រុស្ស៊ី

បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងម៉ាស៊ូតរបស់រុស្ស៊ី ដោយលើកឡើងថា ការវាយប្រហារទាំងនោះកំពុងបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុង “បង្កផលប៉ះពាល់ដល់ពិភពលោក”។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា ការវាយប្រហារជាបន្តបន្ទាប់ដោយប្រើដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានកាត់បន្ថយផលិតកម្មប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ី និងបង្កឱ្យមានការខ្វះខាតប្រេងសាំងនៅទូទាំងប្រទេស។

អ៊ុយក្រែន ដែលខ្លួនឯងកំពុងប្រឈមមុខនឹងការវាយប្រហារជាប្រចាំពីសំណាក់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួននោះ បានអះអាងថា រោងចក្រចម្រាញ់ប្រេងគឺជាគោលដៅយោធាដ៏ត្រឹមត្រូវ។

យោងតាមទិន្នន័យពី GasBuddy ដែលជាស្ថាប័នតាមដានតម្លៃប្រេងឥន្ធនៈ បានឱ្យដឹងថា តម្លៃមធ្យមនៃប្រេងម៉ាស៊ូតនៅទូទាំងសហរដ្ឋអាមេរិក ដែលត្រូវបានប្រើប្រាស់សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ រថភ្លើង កប៉ាល់ និងគ្រឿងចក្រកសិកម្ម បានកើនឡើងលើសពី ៦ ដុល្លារក្នុងមួយហ្គាឡុង (gallon) ដែល 1 gallon = ជាង ៣,៧លីត្រ ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍។

ប្រែសម្រួលៈ ណៃ តុលា

To Top