កងទ័ពកូរ៉េខាងជេីង ធ្វើសមយុទ្ធវាយប្រហារដោយកម្លាំងបាញ់សន្ធាប់រួមគ្នា
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលជាស្ថាប័នផ្លូវការកូរ៉េខាងជេីង បានរាយការណ៍ថា កងទ័ពនៃកូរ៉េខាងជេីង បានធ្វើសមយុទ្ធវាយប្រហារដោយកម្លាំងបាញ់សន្ធាប់រួមគ្នា ដែលពាក់ព័ន្ធនឹងអង្គភាពកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងអង្គភាពមីស៊ីលរបស់ខ្លួន។
របាយការណ៍បានបញ្ជាក់ថា អង្គភាពរង ដែលត្រូវបានជ្រើសរើសចេញពីអង្គភាពរួមគ្នាចំនួន ៥ ផ្នែកកាំភ្លើងធំ និងមីស៊ីល បានចូលរួមក្នុងសមយុទ្ធនេះកាលពីថ្ងៃសៅរ៍។
របាយការណ៍ដដែលបានបន្ថែមថា សមយុទ្ធនេះ “ពាក់ព័ន្ធនឹងប្រព័ន្ធប្រយុទ្ធថ្មីៗ ដូចជាយន្តហោះគ្មានមនុស្សបើក សម្រាប់វាយប្រហារប្រភេទផ្សេងៗ មីស៊ីលហោះហើរនាំផ្លូវ សម្រាប់យុទ្ធសាស្ត្រ ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ប្រភេទកម្លាំងផ្ទុះកម្ដៅ និងសម្ពាធខ្ពស់ និងមីស៊ីលផ្លោងសម្រាប់យុទ្ធសាស្ត្រ”។
ប្រព័ន្ធអាវុធវាយប្រហារទាំងអស់បានបង្ហាញពីអានុភាពបំផ្លិចបំផ្លាញដ៏ខ្លាំងក្លានៃការបាញ់សន្ធាប់ប្រមូលផ្តុំក្នុងអំឡុងពេលសមយុទ្ធ ដោយធានាបាននូវភាពឯកភាព និងភាពដំណាលគ្នានៃការវាយប្រហារដោយកម្លាំងបាញ់សន្ធាប់នោះ៕
ប្រែសម្រួល ឈូក បូរ៉ា
