ការធ្វើពហិការ របស់ប្រជាជនកាណាដា ទៅលើផលិតផលអាមេរិក ជំរុញឱ្យអ្នកលក់គ្រឿង ទេសត្រូវសម្របខ្លួន និងស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗ
បរទេស៖ ការកើនឡើង នៃកិច្ចខិតខំប្រឹងប្រែង របស់អ្នកប្រើប្រាស់ក្នុង ការទិញផលិតផលកាណាដា និងការធ្វើពហិការ ផលិតផលអាមេរិក កំពុងផ្លាស់ប្តូរស្ថានភាពទំនិញនៅលើធ្នើរផ្សារទំនើបនានាក្នុងប្រទេសកាណាដា ដោយបង្ខំឱ្យម្ចាស់ហាងលក់គ្រឿងទេសត្រូវកែលម្អការដាក់ ស្លាកបញ្ជាក់ពីប្រភពដើមនៃផលិតផល និងស្វែងរកប្រភពផ្គត់ផ្គង់ថ្មីៗ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងរដ្ឋ Ontario ប្រទេសកាណាដា លោក Giancarlo Trimarchi ដែលជាប្រធានហាងលក់គ្រឿងទេសឯករាជ្យ Vince’s Market បានប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីបង្ហាញដល់អតិថិជនថា ផលិតផលកសិកម្មភាគច្រើននៅលើធ្នើរហាងរបស់គាត់គឺជាផលិតផលកាណាដា។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីលោក Giancarlo Trimarchi ទទួលបានអ៊ីមែល និងមតិយោបល់ដែលបង្ហាញពីការមិនពេញចិត្តពីសំណាក់អតិថិជន ពាក់ព័ន្ធនឹងការដែលហាងរបស់គាត់មានលក់ផលិតផលកសិកម្មមកពីសហរដ្ឋអាមេរិក។
សង្គ្រាមពាណិជ្ជកម្មដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដា បានធ្វើឱ្យអ្នកប្រើប្រាស់កាន់តែយកចិត្តទុកដាក់ និងដឹងច្បាស់ថាប្រាក់របស់ពួកគេត្រូវបានចំណាយទៅលើអ្វី។ ចលនា “ទិញផលិតផលកាណាដា” បានចាប់ផ្តើមតាំងពីឆ្នាំមុន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ចេញនូវពន្ធខ្ពស់លើទំនិញរបស់កាណាដា។ ចលនានេះកាន់តែមានសន្ទុះខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មបានបរាជ័យ ហើយលោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីផ្លាស់ប្តូរឈ្មោះបឹង Ontario ទៅជាបឹង America។ លោក Trimarchi បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «លើកនេះវាមានសន្ទុះខ្លាំងជាងឆ្នាំមុនទៅទៀត»។
កាលពីថ្ងៃសៅរ៍ លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុង Dublin ថា ប្រទេសកាណាដាមានឆន្ទៈយ៉ាងខ្លាំង ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនោះអាចនឹងកើតឡើង «ក្នុងពេលឆាប់ៗនេះ»។ ទន្ទឹមនឹងនោះ លោកក៏បានលើកឡើង ម្តងទៀតនូវការត្អូញត្អែររបស់លោកថា កាណាដាបានប្រព្រឹត្តចំពោះកសិករអាមេរិកដោយអយុត្តិធម៌ និងគួរតែលុបចោលពន្ធនានា។
ប្រែសម្រួលៈ ណៃ តុលា
