ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ យល់ព្រមចូលរួមគំនិត ផ្តួចផ្តើមរបស់បារាំង ទៅនឹងផែនការបង្កើត របាំងការពារនុយក្លេអ៊ែរ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសហ្វាំងឡង់ បានសម្រេចចិត្តចូលរួមក្នុងគំនិត
ផ្តួចផ្តើមការទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង។

ការអះអាងនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់លោក Antti Hakkanen ដោយបានប្រកាស
កាលពីថ្ងៃចន្ទនិងពណ៌នាគំនិតផ្តួចផ្តើមនេះថា ជាសារៈសំខាន់សម្រាប់សន្តិសុខនៅអឺរ៉ុប។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖នេះគឺជាជំហានធម្មជាតិមួយ ខណៈដែលសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើង
ន័រវេស ស៊ុយអែត និងដាណឺម៉ាក បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួចទៅហើយ ។

ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានបញ្ជាក់ជាថ្មីកាលពីថ្ងៃចន្ទថា ប្រទេសហ្វាំងឡង់មិនមានបំណងដាក់
ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដី របស់ខ្លួនក្នុងពេលវេលាសន្តិភាពនោះទេ។

លោកStubb បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖ គំនិតផ្តួចផ្តើមនេះ គឺជាគំនិតផ្តួចផ្តើមដំបូង និងសំខាន់ បំផុតអំពីការពង្រឹងសន្តិសុខអឺរ៉ុប។ វានឹងអាចពង្រឹងការទទួលខុសត្រូវរបស់អឺរ៉ុបសម្រាប់ការការពារខ្លួន និងជួយការពារការកើនឡើងនៃការប្រឈមមុខដាក់គ្នា ។

លោកបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម របស់បារាំងមិនជំនួស ឬត្រួតស៊ីគ្នាជាមួយការទប់ស្កាត់ នុយក្លេអ៊ែររបស់អង្គការណាតូនោះទេ ដោយ
លោកបានបន្ថែមថា អាទិភាពចម្បង របស់ហ្វាំងឡង់គឺធ្វើសកម្មភាព ជាផ្នែកមួយនៃអង្គការណាតូ និងសហភាពអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top