រុស្ស៊ី វាយប្រហារដោយប្រើដ្រូន លើស្ថានីយ៍ចាក់សាំង ក្នុងទីក្រុងគៀវ របស់អ៊ុយក្រែន មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trump បញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នា មិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅម
បរទេស៖ លោក Vitali Klitschko អភិបាលក្រុង គៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែន បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក (drone) មួយគ្រឿងបានវាយប្រហារស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅព្រឹកថ្ងៃអង្គារ។ ការវាយប្រហារនេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងគ្នាមិនវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់គ្នាទៅវិញទៅមក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Klitschko បានបន្ថែមតាមរយៈកម្មវិធីផ្ញើសារ Telegram ថា ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សម្នាក់រងរបួស ហើយក៏មានការវាយប្រហារទៅលើឃ្លាំងស្តុកទំនិញនៅតំបន់មួយផ្សេងទៀតនៃទីក្រុងផងដែរ។
ថ្មីៗនេះ រុស្ស៊ីបានចាប់ផ្តើមវាយប្រហារស្ថានីយប្រេងឥន្ធនៈនៅក្នុងទីក្រុង គៀវ ដោយពង្រីកវិសាលភាពនៃគោលដៅវាយប្រហាររបស់ខ្លួន។ យោងតាមអាជ្ញាធរអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រុស្ស៊ីបានវាយប្រហារស្ថានីយប្រេងឥន្ធនៈប្រហែល ៣០០កន្លែង ដែលភាគច្រើនស្ថិតនៅក្នុង ឬនៅជិតតំបន់ជួរមុខនៃការប្រយុទ្ធ។
នៅពេលដែលទីក្រុងមូស្គូ កំពុងវាយប្រហារអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានបញ្ជាក់រឿងនេះនៅ ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ដោយបន្ថែមថា មិនមានការរំលោភបំពានលើដែនអាកាសរបស់ខ្លួនឡើយ។
ករណីយន្តហោះគ្មានមនុស្សបើកយោធាហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសជិតខាងអ៊ុយក្រែន និងរុស្ស៊ី បានបង្កឱ្យមានការព្រួយបារម្ភថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនអាចនឹងរាលដាលហួសពីព្រំដែនរបស់អង្គការណាតូ (NATO)។
ប្រែសម្រួលៈ ណៃ តុលា
