យោធាដាណឺម៉ាកថា កប៉ាល់ចម្បាំងរបស់រុស្ស៊ី បាញ់គ្រាប់ភ្លើងទៅលើឧទ្ធម្ភាគចក្រយោធា របស់ដាណឺម៉ាក នៅតំបន់ដែនទឹកអន្តរជាតិ
បរទេស៖ យោធានៃប្រទេសដាណឺម៉ាក ដែលជាសមាជិកណាតូ (NATO) បានឱ្យដឹងថា កប៉ាល់ចម្បាំងរបស់រុស្ស៊ីមួយគ្រឿង បានបាញ់គ្រាប់ភ្លើង (flares) ចំនួនពីរគ្រាប់សំដៅទៅលើឧទ្ធម្ភាគចក្រ យោធារបស់ដាណឺម៉ាក នៅតំបន់ដែនទឹកអន្តរជាតិក្បែរឆ្នេរសមុទ្រដាណឺម៉ាក កាលពីថ្ងៃចន្ទ ដោយគ្រាប់ទាំងនោះបានហោះហើរផុតពីឧទ្ធម្ភាគចក្រនោះ ក្នុងចម្ងាយដ៏ខ្លីប៉ុណ្ណោះ។ គ្រាប់ភ្លើង (flares) គឺជាឧបករណ៍បញ្ចេញពន្លឺដែលគេប្រើជាទូទៅ សម្រាប់ផ្តល់សញ្ញាព្រមាននៅពេលស្ថិតក្នុងសមុទ្រ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃចន្ទ បញ្ជាការដ្ឋានការពារជាតិដាណឺម៉ាក បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធាប្រភេទ Fennec នោះកំពុងបំពេញបេសកកម្ម ជាប្រចាំក្នុងការថតរូបកប៉ាល់ចម្បាំងរុស្ស៊ី។
លោក Lars Lokke Rasmussen រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានហៅហេតុការណ៍នេះថាជាសកម្មភាព «មិនអាចទទួលយកបាន» ហើយបានលើកឡើងថា វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ លោកបានមានប្រសាសន៍ថា៖ «សម្រាប់ភាគីដាណឺម៉ាក យើងកំពុងខិតខំធានាថា រាល់នាវាទាំងអស់អាចធ្វើដំណើរ ឆ្លងកាត់ដែនទឹករបស់ដាណឺម៉ាកដោយសន្តិវិធី ប៉ុន្តែរុស្ស៊ីកំពុងផ្លាស់ប្តូរបន្តិចម្តងៗ នូវកម្រិតនៃអ្វីដែលខ្លួនចាត់ទុកថាជាឥរិយាបថដែលអាចទទួលយកបាន»។
លោក Lars Lokke Rasmussen បានបន្ថែមថា លោកបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសដាណឺម៉ាកមកជួបប្រជុំ៕
ប្រែសម្រួលៈ ណៃ តុលា
