តម្លៃប្រេងឆៅជាក់ស្តែង មួយចំនួននៅក្នុងតំបន់អឺរ៉ុប កើនឡើងដល់ជាង ១៣០ ដុល្លារក្នុងមួយបារ៉ែល
បរទេស៖ នៅថ្ងៃអង្គារ តម្លៃប្រេងឆៅជាក់ស្តែងមួយចំនួន នៅក្នុងតំបន់អឺរ៉ុបបានកើនឡើងដល់ជាង ១៣០ ដុល្លារក្នុងមួយបារ៉ែល ដែលជិតដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានកាលពីខែមេសា ខណៈដែលអ្នកទិញកំពុង ប្រញាប់ប្រញាល់ស្វែងរកប្រភព ផ្គត់ផ្គង់ជំនួសពីមជ្ឈិមបូព៌ា ដែលកំពុងប្រឈមមុខនឹងការរំខាន កាន់តែខ្លាំងឡើងដោយសារជម្លោះ ដែលកំពុងកើនឡើងនៅក្នុងតំបន់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រៅពីការរំខានដែលពាក់ព័ន្ធ នឹងសង្គ្រាមអ៊ីរ៉ង់ ប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានលុបចោល ការដឹកជញ្ជូនប្រេងសម្រាប់អ្នក ទិញនៅអឺរ៉ុបដែលគ្រោង ធ្វើឡើងនៅចុងខែកញ្ញា បន្ទាប់ពីការវាយប្រហារលើបំពង់បង្ហូរប្រេងពីខាងកើតទៅខាងលិច កាលពីសប្តាហ៍មុន បានបង្ខំឱ្យប្រទេសនេះផ្អាកការផ្ទុកប្រេងពីកំពង់ផែ Yanbu ដ៏សំខាន់នៅសមុទ្រក្រហម , នេះបើយោងតាមប្រភពព័ត៌មានពីវិស័យពាណិជ្ជកម្ម។
នៅថ្ងៃអង្គារ អ្នកទិញបានដេញថ្លៃខ្ពស់សម្រាប់ប្រភពប្រេងជំនួស ដូចជាប្រេងពីតំបន់សមុទ្រខាងជើង (North Sea) ជាដើម។ តម្លៃប្រេងឆៅប្រភេទ North Sea Forties បានកើនឡើងដល់ ១៣៦,៧៥ ដុល្លារក្នុងមួយបារ៉ែល បើយោងតាមទិន្នន័យរបស់ LSEG នេះជាតម្លៃ ដែលជិតដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺ ១៤៧,៣៧ ដុល្លារ ដែលបានកត់ត្រាកាលពីថ្ងៃទី ១៣ ខែមេសា ភ្លាមៗបន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានបង្កការ រំខានដល់ការនាំចេញប្រេងពីមជ្ឈិមបូព៌ា។
តម្លៃប្រេង បានកើនឡើងជាង ៣ ដុល្លារនៅថ្ងៃអង្គារ ដោយប្រេងប្រភេទ Brent ជិតដល់កម្រិត ១១០ ដុល្លារក្នុងមួយបារ៉ែល។ ការកើនឡើងនេះគឺដោយសារតែការផ្អាកការផ្ទុកប្រេងរបស់អារ៉ាប៊ីសាអូឌីត និងការដែលប្រទេសលីប៊ីបាន ផ្អាកប្រតិបត្តិការនៅអណ្តូងប្រេងចំនួនបី ដែលបង្កើនក្តីបារម្ភថាការរំខាន ដល់ផ្លូវផ្គត់ផ្គង់អាចនឹងបន្តអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍។
