អត្រាអតិផរណារបស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៤,៨២% នៅក្នុងខែសីហា ដែលជាហេតុផល សម្រាប់ការដំឡើង អត្រាការប្រាក់ដោយធនាគារកណ្តាល
បរទេស៖ អត្រាអតិផរណា នៃការលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាបានកើនឡើងបន្ថែមទៀតនៅក្នុងខែសីហា ដោយសារសម្ពាធតម្លៃបានរាលដាល ហួសពីវិស័យស្បៀងអាហារ និងការដឹកជញ្ជូន ដែលនេះបានពង្រឹងហេតុផល សម្រាប់ការដំឡើងអត្រា ការប្រាក់ដោយធនាគារកណ្តាលនៅខែក្រោយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា តួលេខអតិផរណា ៤,៨២% ក្នុងខែសីហាគឺខ្ពស់ជាងបន្តិចបើធៀបនឹងការព្យាករណ៍របស់ក្រុមអ្នកសេដ្ឋកិច្ចនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ដែលបានប៉ាន់ប្រមាណថាមានកម្រិត ៤,៨០% និងខ្ពស់ជាងកម្រិត ៤,៤៥% ក្នុងខែមុន។ នេះក៏ជាកម្រិតខ្ពស់បំផុតផងដែរក្រោមការគណនាទិន្នន័យតាមប្រព័ន្ធថ្មីដែលបានចាប់ផ្តើមអនុវត្តតាំងពីខែមករាមក។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីនៅអាស៊ីមួយនេះ នៅតែបន្តមានជំហរខុសប្លែកពីប្រទេសជិតខាងក្នុងតំបន់ ដោយមិនបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុឡើយ ខណៈដែលប្រទេសនានាដូចជា ឥណ្ឌូណេស៊ី និងហ្វីលីពីន បានដំឡើងអត្រាការប្រាក់រួចហើយ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពល និងភាពប្រែប្រួលនៃអត្រាប្តូរប្រាក់។
ធនាគារកណ្តាលបានរក្សាអត្រាការប្រាក់គោលនៅកម្រិត ៥,២៥% ដដែលកាលពីខែមុន ប៉ុន្តែឯកសារកត់ត្រានៃកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុចុងក្រោយបានបង្ហាញថា មន្ត្រីមួយចំនួនរបស់ធនាគារកណ្តាលឥណ្ឌា (Reserve Bank of India) រួមទាំងអភិបាលធនាគារលោក Sanjay Malhotra ផងដែរ បានគាំទ្រការដំឡើងអត្រាការប្រាក់ ប្រសិនបើអតិផរណារាលដាលទៅកាន់វិស័យផ្សេងៗទៀត។
ប្រទេសឥណ្ឌានាំចូលប្រេង ប្រហែល ៨៥% នៃតម្រូវការប្រើប្រាស់របស់ខ្លួន ដោយជាងពាក់កណ្តាល នៃការនាំចូលនោះគឺមកពីតំបន់មជ្ឈិមបូព៌ា ដែលជាតំបន់កំពុងរងផលប៉ះពាល់ពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់។
ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេង ពិភពលោកបង្កជាហានិភ័យក្នុងការបន្ថែមសម្ពាធអតិផរណា ខណៈដែលតម្លៃប្រេងឆៅប្រភេទ Brent សម្រាប់ការដឹកជញ្ជូននាពេលអនាគត (futures) មានតម្លៃជិត ១០៨ ដុល្លារក្នុងមួយបារ៉ែល។
ប្រែសម្រួលៈ ណៃ តុលា
