រោងចក្រចម្រាញ់ប្រេងម៉ាស៊ូតធំៗ របស់រុស្ស៊ីពាក់កណ្តាលបានកាត់បន្ថយ ឬបញ្ឈប់ផលិតកម្ម បន្ទាប់ពីមានការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក
បរទេស ៖ យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលផ្អែកលើទិន្នន័យពីអ្នកពាក់ព័ន្ធក្នុងទីផ្សារប្រេងឥន្ធនៈ គឺមានរោងចក្រចម្រាញ់ប្រេងធំៗចំនួន ៣ ក្នុងចំណោម ៦ របស់រុស្ស៊ីដែលផលិតប្រេងម៉ាស៊ូត បានបង្ខំចិត្តកាត់បន្ថយផលិតកម្មយ៉ាងខ្លាំង ឬបញ្ឈប់ការផលិតទាំងស្រុងនៅក្នុងខែកញ្ញា ដោយសារការខូចខាតដែលបណ្តាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone)។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ថា បញ្ហាខ្វះខាតប្រេងឥន្ធនៈរបស់រុស្ស៊ី ត្រូវបានលើកឡើងដោយប្រធានាធិបតី អាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ នៅពេលដែលលោកបានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងម៉ាស៊ូតរបស់រុស្ស៊ី ដោយលោកលើកឡើងថា ការវាយប្រហារទាំងនោះកំពុងបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុង “បង្កផលប៉ះពាល់អវិជ្ជមានដល់ពិភពលោក”។
អ៊ុយក្រែន ដែលខ្លួនឯងកំពុងប្រឈមមុខ នឹងការវាយប្រហារជាប្រចាំពីសំណាក់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បានអះអាងថា រោងចក្រចម្រាញ់ប្រេងទាំងនោះគឺ ជាគោលដៅយោធាដ៏ត្រឹមត្រូវ ។
យោងតាម GasBuddy ដែលជាប្រព័ន្ធតាមដានតម្លៃប្រេងឥន្ធនៈ គឺតម្លៃជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិកសម្រាប់ប្រេងម៉ាស៊ូត (ដែលត្រូវបានប្រើប្រាស់ដោយរថយន្តដឹកទំនិញ រថភ្លើង កប៉ាល់ និងគ្រឿងចក្រកសិកម្ម) បានកើនឡើងលើសពី ៦ ដុល្លារក្នុងមួយហ្គាឡុង (១ហ្គាឡុង ស្មើនឹងប្រមាណ ៣,៧លីត្រ) ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍។ នេះគឺជាស្ថានភាពមួយដែលមិនចង់បានសម្រាប់លោក Trump នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា។
