ព័ត៌មានអន្តរជាតិ

‎អារ៉ាប៊ីសាអូឌីតលុបចោល ការដឹកជញ្ជូនប្រេងមួយចំនួន បន្ទាប់ពីបំពង់បង្ហូរប្រេង រងការវាយប្រហារ ខណៈដែលអ្នកទិញធំៗ កំពុងស្វែងរកប្រភពផ្គត់ផ្គង់ជំនួស‎

បរទេស: ប្រភពព័ត៌មានផ្នែកពាណិជ្ជកម្មបានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Reuters ថា ប្រទេសអារ៉ាប៊ីសាអូឌីត បានកាត់បន្ថយការដឹកជញ្ជូនប្រេង ទៅកាន់ទ្វីបអឺរ៉ុប បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក (drone) បានធ្វើឱ្យខូចខាតបំពង់បង្ហូរប្រេងដ៏សំខាន់ សម្រាប់ការនាំចេញទៅកាន់សមុទ្រក្រហម។

‎យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា ហេតុការណ៍នេះបានជំរុញឱ្យអតិថិជនធំៗដូចជាប្រទេសប៉ូឡូញ ប្រញាប់ប្រញាល់ស្វែងរកប្រភពផ្គត់ផ្គង់ជំនួស ខណៈដែលតម្លៃប្រេងបានកើនឡើងលើសពី ១២០ ដុល្លារក្នុងមួយបារ៉ែល។


‎ការវាយប្រហារទាំងនោះ ដែលអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ថា បង្កឡើងដោយក្រុមជីវពលអ៊ីរ៉ាក់ បានបង្ខំឱ្យព្រះរាជាណាចក្រមួយនេះបិទបំពង់បង្ហូរប្រេងឆ្លងកាត់វាលខ្សាច់ពីទិសខាងកើតទៅទិសខាងលិច (East-West pipeline) កាលពីថ្ងៃសុក្រ។ បំពង់បង្ហូរប្រេងនេះធ្លាប់បានជួយការពារប្រទេសនេះពីផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៃការបិទច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។

‎ប្រភពព័ត៌មានផ្នែកពាណិជ្ជកម្ម និងការដឹកជញ្ជូនប្រេងបាននិយាយកាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអូឌីតបានជូនដំណឹងដល់អតិថិជននៅអឺរ៉ុបថា ការដឹកជញ្ជូនប្រេងឆៅមួយចំនួនដែលគ្រោងនឹងធ្វើឡើងក្នុងខែកញ្ញានឹងត្រូវលុបចោល ហើយការផ្ទុកប្រេងនៅកំពង់ផែ Yanbu លើសមុទ្រក្រហមត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ។

‎ក្រុមហ៊ុនប្រេងរបស់រដ្ឋគឺ Saudi Aramco បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។

‎ប្រភពពីផ្នែកពាណិជ្ជកម្មបានលើកឡើងថា ការកាត់បន្ថយការដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីតតាមរយៈសមុទ្រក្រហម នឹងជំរុញឱ្យប្រទេសនេះព្យាយាមនាំចេញប្រេងបន្ថែមទៀតតាមរយៈច្រកសមុទ្រ Hormuz ដោយប្រើប្រាស់អ្វីដែលគេហៅថា “ការដឹកជញ្ជូនបែបសម្ងាត់” ដែលស្រដៀងគ្នាទៅនឹងវិធីសាស្ត្រដែលប្រទេសអារ៉ាប់រួម (UAE) និងអ៊ីរ៉ាក់ធ្លាប់បានប្រើប្រាស់រួចមកហើយ។

‎ប្រែសម្រួល: ណៃ តុលា

To Top