មេដឹកនាំកំពូលវៀតណាម រៀបចំពិធីលៀងសាយភោជន៍ ថ្នាក់រដ្ឋ ថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីថៃ
ហាណូយ ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) រួមជាមួយនឹងភរិយា កាលពីរាត្រីថ្ងៃអង្គារ បានរៀបចំពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋ (State Banquet) ថ្វាយព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះមហាក្សត្រិយានី សុទិតា (Suthida) នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសដែលព្រះអង្គទាំងទ្វេយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ មេដឹកនាំកំពូលវៀតណាមបានសង្កត់ធ្ងន់ថា ព្រះរាជទស្សនកិច្ចនេះមានអត្ថន័យដ៏ជ្រាលជ្រៅបំផុត ដោយសារវាប្រព្រឹត្តទៅស្របពេលនៃការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ លោកបានបញ្ជាក់ថា វៀតណាម និងថៃ ជាមិត្តជិតស្និទ្ធដែលមានប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីប្រហាក់ប្រហែលគ្នា ហើយប្រទេសទាំងពីរបានកសាងទំនុកចិត្តរហូតក្លាយជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០១៣ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៥ នេះ។
លោក តូ ឡឹម ក៏បានរំលេចផងដែរពីតម្លៃនៃចំណងមិត្តភាពដែលកើតចេញពីការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ដោយសហគមន៍វៀតណាមនៅថៃបានដើរតួជាស្ពានតភ្ជាប់ប្រកបដោយធម្មជាតិ។ លោកបានសម្តែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅថ្វាយចំពោះព្រះមហាក្សត្រ រាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនថៃ ដែលតែងតែបង្កលក្ខណៈងាយស្រួលដល់សហគមន៍វៀតណាម ក៏ដូចជាការថែរក្សាតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រទាក់ទងនឹងលោកប្រធាន ហូ ជីមិញ នៅលើទឹកដីថៃ។
ជាការឆ្លើយតប ព្រះមហាក្សត្រថៃ ទ្រង់បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសវៀតណាម ក្នុងការអភិវឌ្ឍជាតិ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ព្រះអង្គមានព្រះរាជបន្ទូលថា សមិទ្ធផលទាំងនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាពយ៉ាងរឹងមាំរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់ក្មេងជំនាន់ក្រោយ។
ព្រះមហាក្សត្រថៃ បានសង្កត់ធ្ងន់ជាចុងក្រោយថា ព្រះរាជទស្សនកិច្ចចំខួប ៥០ ឆ្នាំនេះ នឹងក្លាយជាការបញ្ជាក់យ៉ាងរឹងមាំបន្ថែមទៀត អំពីចំណងទាក់ទងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ។ ទំនាក់ទំនងដ៏រឹងមាំនេះ នឹងបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ប្រែសម្រួល៖ គីរី
