ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ ត្រៀមខ្លួនរួចរាល់​ សម្រាប់ការចរចា ជាមួយអ៊ុយក្រែន ប៉ុន្តែនៅតែប្រកាន់ខ្ជាប់ជំហររឹងមាំ ចំពោះអង្គការណាតូ

មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែងថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការស្វែងរកការសម្របសម្រួលលើបញ្ហាអ៊ុយក្រែន ប៉ុន្តែមិនដែលផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការទប់ស្កាត់វត្តមានរបស់អង្គការណាតូ​ នៅតាមព្រំដែនរបស់ខ្លួននោះឡើយ។

លោក Lavrov បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលកម្រិត ឯកអគ្គរដ្ឋទូតស្តីពីដំណោះស្រាយបញ្ហាអ៊ុយក្រែនថា៖ «យើងត្រៀមខ្លួនរួចរាល់ ក្នុងការស្វែងរកការសម្របសម្រួលដ៏សមហេតុផលនៅក្នុងក្របខ័ណ្ឌ នៃជំហរនេះ ប៉ុន្តែជាមូលដ្ឋាន យើងមិនបានផ្លាស់ប្តូរគោលដៅរបស់យើងទេ គឺការធានាសុវត្ថិភាពរបស់យើង និងការទប់ស្កាត់វត្តមានរបស់អង្គការណាតូ នៅតាមព្រំដែនរបស់យើង»។

លោកបានបន្ថែមថា រុស្ស៊ីស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិក​ ក្នុងការជួយសម្រួលដល់ដំណោះស្រាយនៅអ៊ុយក្រែន។

លោកបានបន្ដថា៖ «ចំណុចសំខាន់​ គឺថា សហរដ្ឋអាមេរិក​ យល់ពីមូលហេតុឫសគល់នៃជម្លោះនេះ ដែលខុសពីបណ្តាប្រទេសលោកខាងលិច ផ្សេងទៀតទាំងអស់»។

នៅពេលនិយាយអំពីលទ្ធភាព នៃការចរចា លោក Lavrov បានបញ្ជាក់ឡើងវិញថា រុស្ស៊ី​ មិនដែលបដិសេធការចរចានោះទេ ហើយបានត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើការចរចាទាំងក្នុងទម្រង់ទ្វេភាគី និងត្រីភាគី៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top