ព័ត៌មានអន្តរជាតិ

កំណើនឧស្សាហកម្មចិន ស្ទុះងើប ដោយសារវិស័យ បច្ចេកវិទ្យាជាន់ខ្ពស់ ស្របពេលតម្រូវការ ក្នុងស្រុកទាមទារ ការជំរុញបន្ថែម

បរទេស៖ មន្ត្រី និង អ្នកជំនាញ បានកត់សម្គាល់ថា សេដ្ឋកិច្ចចិនទទួលបានការគាំទ្រ យ៉ាងរឹងមាំពីកម្លាំង ចលករកំណើនថ្មីៗនៅក្នុងខែសីហា ។ កំណើនខ្ពស់នៃវិស័យផលិតកម្មបច្ចេកវិទ្យា និងតម្រូវការខាងក្រៅដ៏រឹងមាំ បានជួយជំរុញដល់កំណើនឧស្សាហកម្មយ៉ាងឆាប់រហ័ស នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន China Daily ចុះផ្សាយថ្ងៃទី ១៦ កញ្ញា ២០២៦ ។

​ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ការផ្លាស់ប្តូរពីកម្លាំងចលករកំណើនចាស់ទៅថ្មី នៅតែមានភាពខុសគ្នានៃរចនាសម្ព័ន្ធ។ ស្ថានភាពនេះទាមទារឱ្យមានការឆ្លើយតបគោលនយោបាយសកម្មជាងមុន ដើម្បីស្តារតម្រូវការក្នុងស្រុកឡើងវិញ បន្ទាប់ពីការលក់រាយមានកំណើនយឺតយ៉ាវ និងការធ្លាក់ចុះនៃការវិនិយោគទ្រព្យសកម្មថេរ។

កំណើនដ៏លេចធ្លោនៃវិស័យឧស្សាហកម្ម ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា ផលិតកម្មឧស្សាហកម្មបានកើនឡើង ៥,២% ធៀបនឹងឆ្នាំមុន នៅក្នុងខែសីហា ដែលកើនឡើងពី ៤,៥% នៅក្នុងខែកក្កដា។ កំណើនជាង ៦០% គឺត្រូវបានជំរុញដោយកម្លាំងចលករថ្មីៗ ដូចជាផលិតកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងផលិតផលឌីជីថល ដែលបានកើនឡើង ១៦,៧% និង ១៥,៧% រៀងគ្នា។

ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច របាយការណ៍របស់ធនាគារ Morgan Stanley បានវាយតម្លៃថា ការផ្លាស់ប្តូរនេះកំពុងរុញច្រានចិនឱ្យងាកចេញពីការផលិតទ្រង់ទ្រាយធំដែលចំណាយដើមទុនទាប ឆ្ពោះទៅរក “ភាពជាអ្នកដឹកនាំប្រព័ន្ធអេកូឡូស៊ី និងការច្នៃប្រឌិត”។ វាអាចជំរុញសក្តានុពលផលិតផលក្នុងស្រុកសរុប (GDP) ឱ្យកើនឡើងប្រហែល ៣,៥% នៅត្រឹមឆ្នាំ ២០៣៥។

បញ្ហាប្រឈមនៃតម្រូវការក្នុងស្រុក ផ្ទុយពីភាពខ្លាំងនៃវិស័យថ្មីៗ តម្រូវការក្នុងស្រុកដែលទន់ខ្សោយនៅតែបន្តដាក់សម្ពាធលើសេដ្ឋកិច្ចជារួម។ ការលក់រាយបានកើនឡើងត្រឹមតែ ០,៤% ប៉ុណ្ណោះក្នុងខែសីហា (ធ្លាក់ពី ០,៦% ក្នុងខែកក្កដា) ចំណែកការវិនិយោគទ្រព្យសកម្មថេរ បានធ្លាក់ចុះរហូតដល់ ៧,២% ក្នុងរយៈពេល ៨ ខែដំបូង។ អ្នកជំនាញបានលើកឡើងថា “កម្លាំងចលករកំណើនថ្មី មិនទាន់អាចប៉ះប៉ូវទាំងស្រុងនូវភាពទន់ខ្សោយនៃកម្លាំងចលករចាស់បាននៅឡើយទេ”។

ដំណោះស្រាយ និងគោល នយោបាយរំពឹងទុក អ្នកជំនាញមើលឃើញថា រដ្ឋាភិបាលចិននៅមានលំហ គោលនយោបាយច្រើន ដើម្បីស្តារសេដ្ឋកិច្ចនៅចុងឆ្នាំ។ វិធានការនានាដូចជា ការកាត់បន្ថយអត្រាការប្រាក់ ការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ការបោះផ្សាយសញ្ញាប័ណ្ណរដ្ឋាភិបាលបន្ថែម និងឧបករណ៍ហិរញ្ញវត្ថុថ្មីៗទំហំ ៨០០ ពាន់លានយ័ន ត្រូវបានរំពឹងថានឹងជួយជំរុញការប្រើប្រាស់ ស្ថិរភាពការវិនិយោគ និងគាំទ្រដល់ទីផ្សារអចលនទ្រព្យ។

ប្រែសម្រួល៖ គីរី

To Top