ចិនប្រើប្រាស់បន្ទះឈីប AI ផលិតក្នុងស្រុកចំនួន ១០០.០០០ បន្ទះ ដើម្បីបង្កើតប្រព័ន្ធព្យាករណ៍អាកាសធាតុឈានមុខគេ
បរទេស៖ ប្រព័ន្ធកុំព្យូទ័រ Sugon 8,000 អាចធ្វើការព្យាករណ៍ អាកាសធាតុទុកជាមុនបានរហូតដល់ ១០ ថ្ងៃ ដែលជួយឱ្យប្រទេសចិនកាន់តែខិតជិតទៅនឹងគោលដៅមហិច្ឆតា របស់ខ្លួនលើវិស័យឧតុនិយម នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន South China Morming Post ចុះផ្សាយថ្ងៃទឹ ១៦ខែកញ្ញា ឆ្នាំ២០២៦។
ប្រទេសចិនបានប្រកាសពីសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការធ្វើការព្យាករណ៍អាកាសធាតុទុកជាមុនបានរហូតដល់ ១០ថ្ងៃ ក្នុងកម្រិតភាពច្បាស់ (Resolution) ៥ គីឡូម៉ែត្រ ដែលជាកម្រិតមួយល្អិតល្អន់ និងច្បាស់លាស់ជាងប្រព័ន្ធ ព្យាករណ៍សំខាន់ៗភាគច្រើនដែលកំពុងប្រើប្រាស់ជាប្រចាំនៅជុំវិញពិភពលោក។
យោងតាមការប្រកាសរួមគ្នារបស់ រដ្ឋបាលឧតុនិយមចិន និងក្រុមហ៊ុនកុំព្យូទ័រ Sugon (ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង) បានឱ្យដឹងថា ភាពជោគជ័យដ៏លេចធ្លោនេះ ត្រូវបានសម្រេចឡើងដោយប្រើប្រាស់ម៉ូដែលព្យាករណ៍អាកាសធាតុដែលអភិវឌ្ឍដោយចិនផ្ទាល់ ដោយវាដំណើរការនៅលើប្រព័ន្ធកុំព្យូទ័រមានឈ្មោះថា Sugon 8,000។ ប្រព័ន្ធនេះគឺជាកំពូលកុំព្យូទ័រដ៏ធំសម្បើមមួយ ដែលត្រូវបានសាងសង់ឡើងទាំងស្រុងដោយប្រើប្រាស់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI Chips) ផលិតក្នុងស្រុកចំនួន ១០០.០០០ បន្ទះ។
របាយការណ៍ដដែលបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ប្រព័ន្ធព្យាករណ៍សកលធំៗភាគច្រើនមានកម្រិតភាពច្បាស់ចន្លោះត្រឹមពី ៥ ទៅ ១០ គីឡូម៉ែត្រប៉ុណ្ណោះ។ ជាឧទាហរណ៍ជាក់ស្តែង ប្រព័ន្ធព្យាករណ៍សកល (Global Forecast System) ដែលជាម៉ូដែលអាកាសធាតុចម្បងដំណើរការដោយសេវាកម្មអាកាសជាតិរបស់សហរដ្ឋអាមេរិក (US National Weather Service) មានកម្រិតភាពច្បាស់អតិបរមាត្រឹមតែប្រមាណ ១៣ គីឡូម៉ែត្រប៉ុណ្ណោះ។
សមិទ្ធផលនេះមិនត្រឹមតែបង្ហាញពីភាពជឿនលឿន ផ្នែកបច្ចេកវិទ្យាបន្ទះឈីប និងបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សមត្ថភាពតាមដាន និងត្រៀមលក្ខណៈទប់ទល់នឹងបម្រែបម្រួល អាកាសធាតុបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ប្រែសម្រួល៖ គីរី
