ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi រក្សាសមាសភាព ថ្នាក់ដឹកនាំសំខាន់ៗភាគច្រើន ក្នុងការរុះរើក្បាលម៉ាស៊ីន គណបក្សកាន់អំណាច

​ទីក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីឈី (Sanae Takaichi) បានសម្រេចរក្សាតំណែង ថ្នាក់ដឹកនាំកំពូលៗភាគច្រើន នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី ក្នុងការរុះរើក្បាលម៉ាស៊ីនបក្ស ជាលើកដំបូងកានៅថ្ងៃថ្ងៃពុធនេះ ដោយផ្តោតលើការរក្សាភាពស្អិតរមួត និងស្ថិរភាពការងារ ត្រៀមទប់ទល់នឹងរបៀបវារៈនីតិបញ្ញត្តិ ដ៏មមាញឹកដែលនឹងអូសបន្លាយដល់ចុងឆ្នាំនេះ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន Kyodo ចុះផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

​លោក តារ៉ូ អាសូ (Taro Aso)៖ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល ដែលបានជួយជ្រោមជ្រែងលោកស្រី ឱ្យឈ្នះការបោះឆ្នោតជ្រើសរើសមេដឹកនាំបក្សកាលពីខែតុលាឆ្នាំមុន នៅតែបន្តកាន់តំណែងជា អនុប្រធានគណបក្ស LDP។

លោក ស្យូនីឈិ ស៊ូហ្ស៊ូគី (Shunichi Suzuki)៖ បន្តធ្វើជា អគ្គលេខាធិការបក្ស ខណៈលោកបញ្ជាក់ថា ការលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងបក្ស គឺជាគន្លឹះឆ្ពោះទៅរកស្ថិរភាពនយោបាយសម្រាប់ប្រទេសជាតិ។

​លោក ថាកាយូគី កូបាយ៉ាស៊ី (Takayuki Kobayashi)៖ អតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចរូបនេះ ត្រូវបានរក្សាតំណែងជា ប្រធានគោលនយោបាយ។

​ទន្ទឹមនឹងនេះ លោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) ប្រធានយុទ្ធសាស្ត្របោះឆ្នោត និង លោក កូអ៊ីឈិ ហាហ្គីអ៊ូដា (Koichi Hagiuda) អគ្គលេខាធិការប្រតិបត្តិស្តីទី ក៏ត្រូវបានរក្សាតំណែងផងដែរ បើទោះបីជាអ្នកទាំងពីរធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិនយោបាយដ៏ចម្រូងចម្រាសកាលពីចុងឆ្នាំ ២០២៣ ក៏ដោយ។

ប្រធានក្រុមប្រឹក្សាទូទៅ (General Council)៖ អតីតរដ្ឋមន្ត្រីឧស្សាហកម្ម លោក ហ៊ីរ៉ូស៊ី កាជីយ៉ាម៉ា (Hiroshi Kajiyama) ត្រូវបានតែងតាំងជំនួសលោកស្រី Haruko Arimura។

ប្រធានកិច្ចការសភា (Diet affairs chief)៖ តំណែងនេះបានទៅលើលោក ហ៊ីដេគី មូរ៉ៃ (Hideki Murai) ដែលជាសមាជិករដ្ឋសភា និងមិនធ្លាប់មានបទពិសោធន៍ក្នុងគណៈរដ្ឋមន្ត្រី ប៉ុន្តែលោកមានស្នាដៃលេចធ្លោក្នុងការចរចាជាមួយគណបក្សប្រឆាំង។

អគ្គលេខាធិការប្រចាំព្រឹទ្ធសភា នេះគឺជាការផ្លាស់ប្តូរដ៏ចម្រូងចម្រាសមួយ ដោយលោក Kazuhiko Aoki ត្រូវបានតែងតាំងជំនួសលោក Junichi Ishii ដែលជាអ្នកចរចា ដ៏ចំណានម្នាក់ ប៉ុន្តែត្រូវបានគេមើលឃើញថា មានទំនាក់ទំនងមិនសូវល្អ ជាមួយនាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ ថ្នាក់ដឹកនាំព្រឹទ្ធសភាបានច្រាន ចោលការចោទប្រកាន់ថាមានការលូកដៃពីខាងក្រៅលើការផ្លាស់ប្តូរនេះ។

​បន្ទាប់ពីប្រកាសសមាសភាពថ្មី លោកស្រី Takaichi បានគូសបញ្ជាក់ថា ការតែងតាំងនេះ គឺដើម្បីបង្កើតក្របខ័ណ្ឌការងារមួយដែលរដ្ឋាភិបាល និងគណបក្ស LDP អាចបញ្ចេញសមត្ថភាពអស់ពីលទ្ធភាព ដើម្បីជម្នះរាល់ស្ថានការណ៍លំបាករបស់ជាតិ។

ការរុះរើគណៈរដ្ឋមន្ត្រី នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ដោយមន្ត្រីជាន់ខ្ពស់មួយចំនួនដូចជា រដ្ឋមន្ត្រីការពារជាតិលោក Shinjiro Koizumi និងរដ្ឋមន្ត្រីការបរទេសលោក Toshimitsu Motegi ត្រូវបានគេរំពឹងថានឹងរក្សាតំណែងដដែល។ ម្យ៉ាងវិញទៀត ក៏អាចមានការដាក់បញ្ចូលសមាជិកគណៈរដ្ឋមន្ត្រីថ្មីមកពីគណបក្ស នវានុវត្តន៍ជប៉ុន (JIP) ដែលជាដៃគូចម្រុះផងដែរ

សម័យប្រជុំសភាវិសាមញ្ញ គ្រោងនឹងចាប់ផ្តើមនៅដើមខែតុលា ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗ ដូចជាការកាត់បន្ថយពន្ធលើអាហារពី ៨% មកត្រឹម ១% សម្រាប់រយៈពេល ២ឆ្នាំ (គិតចាប់ពីខែមេសា) និងច្បាប់កំណែទម្រង់នយោបាយស្តីពីការកាត់បន្ថយអាសនៈសភា។
​គួរបញ្ជាក់ថា លោកស្រី Sanae Takaichi បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានគណបក្ស LDP កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ និងបានក្លាយជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូង គេបង្អស់របស់ប្រទេសជប៉ុននៅចុងខែដដែលនោះ។

ប្រែសម្រួល៖ គីរី

To Top