រុស្ស៊ី បាញ់បង្ហោះយានដឹកជញ្ជូនទំនិញ Progress MS-35 ទៅកាន់គន្លងគោចរ
មូស្គូ៖ ទីភ្នាក់ងារអវកាសរដ្ឋរុស្ស៊ី Roscosmos បានឱ្យដឹងថា កាំជ្រួចដឹកជញ្ជូន Soyuz-2.1b ត្រូវបានបាញ់បង្ហោះចេញ ពីមូលដ្ឋានអវកាស Baikonur ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ ដោយបញ្ជូនយានដឹកជញ្ជូនទំនិញ Progress MS-35 ទៅកាន់គន្លងគោចរ។
យាននេះបានហោះឡើងនៅម៉ោង ៤:៣៤ រសៀល ម៉ោងនៅទីក្រុងមូស្គូ ពីទីតាំងបាញ់បង្ហោះលេខ ៣១ នៃមូលដ្ឋាន Baikonur ហើយកំពុងដឹកជញ្ជូនសម្ភារៈជាង ២,៤ តោនទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ដែលរួមមានឥន្ធនៈ អាហារ ទឹក អុកស៊ីសែន ឧបករណ៍ថែទាំ និងអនាម័យ ថ្នាំពេទ្យ និងឧបករណ៍វិទ្យាសាស្ត្រ។
Roscosmos បានបញ្ជាក់ថា ជាផ្នែកមួយ នៃការពិសោធន៍ Teledroid អវកាសយានិកនឹងសិក្សាអំពីលទ្ធភាព នៃការប្រើប្រាស់មនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស ដែលអាចបញ្ជាពីចម្ងាយ ដើម្បីជួយដល់សកម្មភាព របស់ពួកគេនៅក្នុងលំហអាកាសបើកចំហអំឡុងពេលហោះហើរក្នុងគន្លងគោចរ។
សម្រាប់ការពិសោធន៍នេះ យានអវកាសនឹងដឹកជញ្ជូននូវអ្វីដែលគេហៅថា “ស្ថានីយការងាររបស់អវកាសយានិក” ឬ “គ្រោងឆ្អឹងខាងក្រៅ” (exoskeleton) ដែលនឹងអនុញ្ញាតឱ្យអវកាសយានិកអាចបញ្ជាមនុស្សយន្តនោះពីចម្ងាយបាន។
យោងតាម Roscosmos មនុស្សយន្ត Teledroid នោះនឹងត្រូវដឹកជញ្ជូនទៅតាមយានដឹកជញ្ជូនទំនិញបន្ទាប់ទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
