រុស្ស៊ី អះអាងថា ការដាក់ពង្រាយ កងទ័ពលោកខាងលិច នៅអ៊ុយក្រែន នឹងមានន័យថាជាសង្គ្រាមផ្ទាល់
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា ប្រទេសរុស្ស៊ី នឹងចាត់ទុកការដាក់ពង្រាយកងទ័ព លោកខាងលិចនៅលើទឹកដី អ៊ុយក្រែនថា ជាការប្រកាសសង្គ្រាមដោយផ្ទាល់ ។
លោកបានថ្លែងនៅក្នុងពិធីបុណ្យយុវជនអន្តរជាតិនៅទីក្រុង Yekaterinburg ថា៖ «ខ្ញុំសូមបញ្ជាក់ថា យើងមិនមានបំណងចង់ពាក់ព័ន្ធនឹងរឿងនេះទេ ប៉ុន្តែប្រសិនបើអឺរ៉ុប ដែលតែងតែនិយាយជារៀងរាល់ថ្ងៃ អំពីការត្រៀមខ្លួន សម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ធ្វើការវាយប្រហារមកលើសហព័ន្ធរុស្ស៊ីនោះ វាគឺជាសង្គ្រាមមួយផ្សេងទាំងស្រុង ហើយវានឹងមានរយៈពេលខ្លីបំផុត»។
លោក Lavrov បានបន្ថែមថា ទីក្រុងមូស្គូនៅតែត្រៀមខ្លួនរួចរាល់ សម្រាប់ការដោះស្រាយ តាមផ្លូវការទូត រួមទាំងទម្រង់ត្រីភាគី ដែលសហរដ្ឋអាមេរិក បានស្នើឡើងវិញផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ជំហររបស់រុស្ស៊ីលើការដោះស្រាយជម្លោះនេះ នៅតែតម្រូវឱ្យមានការសម្រេចបាននូវគោលដៅដែលបានកំណត់តាំងពីដំបូង និងការលុបបំបាត់ឫសគល់នៃបញ្ហា។
លោកបានកត់សម្គាល់ថា «ដូច្នេះ សម្រាប់យើង ការដោះស្រាយឫសគល់នៃហានិភ័យ និងការការពារសិទ្ធិរបស់ប្រជាជនរុស្ស៊ី រួមទាំងសិទ្ធិប្រើប្រាស់ភាសាកំណើត និងជំនឿសាសនា គឺជាគោលដៅច្បាស់លាស់ និងជាក់លាក់នៃការប្រតិបត្តិការយោធាពិសេសនេះ»៕
