ប្រធានាធិបតីស្លូវ៉ាគី គូសបញ្ជាក់ពីទំនាក់ទំនងជាមួយអឺរ៉ុប និងណាតូ និងអំពាវនាវ ឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ កាន់តែទូលំទូលាយ
ប្រាទីស្លាវ៉ា៖ ប្រធានាធិបតីស្លូវ៉ាគី លោក Peter Pellegrini បានសង្កត់ធ្ងន់លើសារៈសំខាន់ជាមូលដ្ឋាននៃការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់ប្រទេសលោក ព្រមទាំងបានអំពាវនាវ ឱ្យមានទំនាក់ទំនងផ្នែកការទូត និងសេដ្ឋកិច្ចកាន់តែរឹងមាំ។
នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពប្រទេសនៅចំពោះមុខសភាកាលពីថ្ងៃពុធ លោក Pellegrini បានលើកឡើងថា ទោះបីជាស្លូវ៉ាគី អាចមានទស្សនៈរិះគន់លើដំណើរការរបស់អឺរ៉ុប និងណាតូ ក៏ដោយ ក៏បច្ចុប្បន្ននេះមិនមានជម្រើសផ្សេងទៀត ដែលអាចជំនួសស្ថាប័នទាំងនេះ និងធានានូវសន្តិសុខ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ស្លូវ៉ាគីបានឡើយ។
លោក Pellegrini បានលេីកឡេីងថា ស្ថានភាពអន្តរជាតិ ដែលកំពុងផ្លាស់ប្តូរតម្រូវឱ្យស្លូវ៉ាគីរក្សាទំនាក់ទំនងផ្នែកការទូត និងសេដ្ឋកិច្ចល្អជាមួយបណ្តា ប្រទេសនានាជុំវិញពិភពលោក ។ លោកបានកត់សម្គាល់ពីសារៈសំខាន់ដែលកំពុងកើនឡើងនៃប្រទេសនានាដូចជា ប្រទេសឥណ្ឌា និងចិន ដែលផ្តល់នូវសក្តានុពលយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ចបើកចំហរបស់ស្លូវ៉ាគី។
លោកបានចង្អុលបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទិដ្ឋភាពនយោបាយអន្តរជាតិ និងការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក ដោយសម្តែងការសោកស្តាយដែលការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិទាំងនេះ រហូតមកដល់ពេលនេះមិនបានជំរុញឱ្យអឺរ៉ុប ឆ្ពោះទៅរកប្រសិទ្ធភាពកាន់តែខ្លាំង ឬធ្វើការវាយតម្លៃឡើងវិញលើអាទិភាពរបស់ខ្លួននោះទេ។
លោកបានបន្ថែមថា គួរតែមានការយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់អឺរ៉ុប ការលើកកម្ពស់សន្តិសុខទាំងក្នុង និងក្រៅតំបន់ ការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកដើម្បីកាត់បន្ថយតម្លៃថាមពល និងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់សន្តិភាព ជាពិសេសពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
