លោក ត្រាំ ថ្លែងថា សហរដ្ឋអាមេរិក បានដកវ៉េណេស៊ុយអេឡា ចេញពីបញ្ជីប្រទេសពាក់ព័ន្ធ នឹងគ្រឿងញៀន ហើយអាចនឹង ដកប្រទេសកូឡុំប៊ី ចេញមួយទៀត
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានដកប្រទេសវេណេស៊ុយអេឡា ចេញពីបញ្ជីប្រទេសដែលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ដែលនេះជាលើកដំបូងក្នុងរយៈពេល ជាង ២០ ឆ្នាំមកហើយ។ លោកក៏បានបន្ថែមថា លោកអាចនឹងពិចារណាដកប្រទេស ជិតខាងគឺកូឡុំប៊ីចេញពីបញ្ជីនេះផងដែរ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ត្រាំ បានលើកឡើងនៅក្នុងសេចក្តីសម្រេច របស់ប្រធានាធិបតីដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកថា ដោយសារតែរដ្ឋបាលរបស់លោកបានគាំទ្រដល់ការទម្លាក់ និងការចាប់ខ្លួនប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែមករា ការសហការជាមួយរដ្ឋាភិបាល បណ្តោះអាសន្ន របស់ប្រទេសនេះ ដែលដឹកនាំលោកស្រី ដេលស៊ី រ៉ូដ្រីហ្គេស (Delcy Rodriguez) កំពុងទទួលបានលទ្ធផលល្អ រួមទាំងការសម្លាប់ មេដឹកនាំក្រុមឧក្រិដ្ឋកម្ម “Tren de Aragua” ដែលគេស្គាល់ថា “Niño Guerrero” ផងដែរ។ ប្រទេសវេណេស៊ុយអេឡា បានស្ថិតនៅក្នុងបញ្ជីប្រទេស ដែលបរាជ័យនេះតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបានសម្រេចចិត្តថា ប្រទេសវេណេស៊ុយអេឡា មិនគួរត្រូវបានចាត់ថ្នាក់ថា ជាប្រទេសដែលបរាជ័យក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនលើការគ្រប់គ្រងគ្រឿងញៀនទៀតទេ។ ខ្ញុំរំពឹងថានឹងឃើញវឌ្ឍនភាពជាបន្តបន្ទាប់ និងអាចវាស់វែងបានពីសំណាក់រដ្ឋាភិបាលបណ្តោះអាសន្ន ក្នុងការរំលាយក្រុមភេរវករពាក់ព័ន្ធនឹងគ្រឿងញៀន និងការបញ្ឈប់ការជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេសវេណេស៊ុយអេឡា»។
លោក ត្រាំ បានបន្ថែមថា ៖ «ប្រទេសកូឡុំប៊ី ត្រៀមខ្លួនរួចជាស្រេចដើម្បីត្រឡប់មកកាន់តួនាទីជាដៃគូ សន្តិសុខដ៏សំខាន់បំផុត របស់យើងនៅក្នុងតំបន់អឌ្ឍគោលនេះ» បន្ទាប់ពីការជាប់ឆ្នោតរបស់ប្រធានាធិបតី Abelardo De La Espriella។ «ប្រសិនបើប្រទេសកូឡុំប៊ីសម្រេច បានវឌ្ឍនភាពលើការកម្ចាត់ដំណាំកូកាអ៊ីន យ៉ាងម៉ឺងម៉ាត់ និងការរំលាយបណ្តាញភេរវករ ពាក់ព័ន្ធនឹងគ្រឿងញៀនរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំខាងមុខ ដូចដែលបានរំពឹងទុកនោះ ខ្ញុំនឹងពិចារណាដកចេញនូវស្ថានភាពដែលចាត់ទុកថាជាប្រទេស “បរាជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន” របស់ប្រទេសនេះ»។
កាលពីឆ្នាំមុន លោក ត្រាំ បានចាត់ទុកប្រទេសកូឡុំប៊ីថា ជាប្រទេសដែលបរាជ័យក្នុងការបង្ក្រាបការផលិតកូកាអ៊ីន (cocaine) ខណៈដែលមានការវាយប្រហារពាក្យសម្តីគ្នាទៅវិញទៅមកជាបន្តបន្ទាប់រវាងរូបលោក និងអតីតប្រធានាធិបតីនិយមឆ្វេងនិយម លោក Gustavo Petro៕
ប្រែសម្រួលៈ ណៃ តុលា
