ទិន្នន័យបង្ហាញថា មាននាវាដឹកទំនិញត្រឹមតែ៣គ្រឿងប៉ុណ្ណោះ ដែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ
បរទេស៖ ទិន្នន័យបឋម នៃការតាមដាននាវា ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ចំនួននាវាដឹកទំនិញ ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះមកនៅត្រឹមតែ ៣ គ្រឿងប៉ុណ្ណោះ កាលពីថ្ងៃពុធ ដែលជាការថយចុះពីចំនួន ១២ គ្រឿងកាលពីថ្ងៃមុននោះ និងទាបជាងកម្រិតមធ្យមក្នុងរយៈពេល ១០ ថ្ងៃដែលមានប្រហែល ១៧ គ្រឿង។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា តួលេខទាំងនេះមិនរាប់បញ្ចូលនាវា ណាដែលបានឆ្លងកាត់ផ្លូវទឹកនេះដោយបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិ (AIS) ដើម្បីគេចវេះពីការត្រួតពិនិត្យ ឬការតាមដាននោះទេ។
ក្នុងចំណោមនាវាទាំង ៣ គ្រឿងនោះ ទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុន Kpler បានបង្ហាញថា មាននាវាដឹកទំនិញស្ងួតប្រភេទ Supramax មួយគ្រឿងដែលគ្មានផ្ទុកទំនិញ បានចូលទៅក្នុងច្រកសមុទ្រនេះតាមរយៈផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ ខណៈដែលនាវាដឹកផលិតផលប្រេង មួយគ្រឿងទៀតដែលគ្មានផ្ទុកទំនិញ បានចូលតាមរយៈផ្លូវដែលមិនមាន ការបញ្ជូនសញ្ញា (dark route)។
ចរាចរណ៍នាវា បានធ្លាក់ចុះនៅសប្តាហ៍នេះ ខណៈដែលជម្លោះសង្គ្រាមនៅក្នុងតំបន់ឈូង សមុទ្រអារ៉ាប់ កាន់តែមានភាពតានតឹងខ្លាំងឡើង ដោយយន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីតបានវាយប្រហារទៅលើប្រទេសយេម៉ែន ហើយក្រុមឧទ្ទាម ហ៊ួទី បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drone) និងមីស៊ីល វាយប្រហារសំដៅទៅលើទីក្រុងនានា របស់អារ៉ាប៊ីសាអូឌីត។
ចំណែកនៅក្នុងសមុទ្រក្រហម ចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb បានថយចុះមកនៅត្រឹម ២១ គ្រឿងកាលពីថ្ងៃពុធ បើធៀបនឹង ២៤ គ្រឿងកាលពីថ្ងៃមុន៕
ប្រែសម្រួលៈ ណៃ តុលា
