ព័ត៌មានអន្តរជាតិ

កាសែត Financial Times រាយការណ៍ថា សហភាពអឺរ៉ុបស្នើឱ្យចិន ដាក់កម្រិតលើការ នាំចេញរថយន្តប្រភេទ Hybrid ចូលទីផ្សារអឺរ៉ុប ដើម្បីបញ្ជៀសសង្គ្រាមពាណិជ្ជកម្ម

បរទេស៖ កាសែត Financial Times បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបបានស្នើឱ្យប្រទេសចិន កំណត់ការនាំចេញ រថយន្តប្រភេទ Hybrid (រថយន្តប្រើប្រាស់ថាមពលពីរ) ដោយស្ម័គ្រចិត្ត ដែលនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សង្គ្រាមពាណិជ្ជកម្ម។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា កាសែតនេះបានដកស្រង់ សម្តីប្រភពដែលដឹងពីបញ្ហានេះថា ទីក្រុងប្រ៊ូសែល (Brussels) ចង់ឱ្យទីក្រុងប៉េកាំងកំណត់ការលក់រថយន្ត Hybrid របស់ចិនឱ្យនៅត្រឹមប្រហែល ១៥% នៃទីផ្សារសហភាពអឺរ៉ុប។

កាសែត Financial Times បានដកស្រង់ សម្តីមន្ត្រីសហភាពអឺរ៉ុបម្នាក់ដែលនិយាយថា៖ «ប្រសិនបើពួកគេមិនកំណត់ការ នាំចេញមកកាន់ទីផ្សាររបស់យើងទេនោះ យើងនឹងធ្វើវា។ នេះគឺជារឿងនៃការទប់ស្កាត់ការធ្លាក់ចុះនៃវិស័យឧស្សាហកម្ម។ យើងត្រូវតែចាត់វិធានការ។ វាគឺជាបញ្ហានៃការគ្រប់គ្រងពាណិជ្ជកម្ម»។

យោងតាមរបាយការណ៍នេះ សហភាពអឺរ៉ុបក៏បានស្នើឱ្យចិនកំណត់ការនាំចេញផលិតផលផ្សេងទៀតផងដែរ រួមទាំងសារធាតុគីមី ខណៈពេលដែលស្វែងរកការបង្កើនការទិញទំនិញនាំចេញពីអឺរ៉ុបដោយភាគីចិន។

ចំណែកលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានមានប្រសាសន៍កាលពីថ្ងៃពុធថា សហភាពអឺរ៉ុបនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីកាត់បន្ថយអ្វីដែលលោកស្រីហៅថាជាឱនភាពពាណិជ្ជកម្ម «ដែលមិនអាចបន្តទៅមុខបាន» ជាមួយប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា

To Top