ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះបីថ្ងៃជាប់ៗគ្នា ដោយសារការថយចុះ នៃក្តីបារម្ភអំពីការរំខាន ដល់ការផ្គត់ផ្គង់ពីអារ៉ាប៊ីសាអូឌីត

បរទេស៖ នៅថ្ងៃសុក្រ គឺតម្លៃប្រេងបានធ្លាក់ចុះជាថ្ងៃទីបីជាប់ៗគ្នា ដោយសារការថយចុះនៃក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ពីអារ៉ាប៊ីសាអូឌីត មានឥទ្ធិពលខ្លាំងជាងក្តីបារម្ភអំពីការរីករាលដាលនៃជម្លោះនៅមជ្ឈិមបូព៌ា ចំពេលដែលមានការប៉ះទង្គិចគ្នាថ្មីៗរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី (Houthis) របស់ប្រទេសយេម៉ែន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៧៩ សេន ឬ ០,៧៥% មកនៅត្រឹម ១០៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៧០ សេន ឬ ០,៦៩% មកនៅត្រឹម ១០១,២០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរប្រភេទនេះបានបិទក្នុងកម្រិតទាបជាងមុនប្រហែល ១% កាលពីថ្ងៃព្រហស្បតិ៍។

តម្លៃប្រេង Brent ទំនងជានឹងធ្លាក់ចុះប្រចាំសប្តាហ៍ជាលើកដំបូងក្នុងរយៈពេលបីសប្តាហ៍ ដោយធ្លាក់ចុះ ០,៥% ខណៈដែលតម្លៃប្រេង West Texas Intermediate ត្រូវបានគេរំពឹងថានឹងកើនឡើង ១,២%។

ទីផ្សារហាក់មិនសូវខ្វល់ខ្វាយប៉ុន្មានទេចំពោះការគំរាមកំហែងថ្មីៗដល់ការផ្គត់ផ្គង់ ទោះបីជាអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីរបស់យេម៉ែន (ដែលគាំទ្រដោយអ៊ីរ៉ង់) បានបើកការវាយប្រហារគ្នាទៅវិញទៅមកនៅតាមព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យជម្លោះសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលក៏ដោយ។

កាលពីដើមសប្តាហ៍នេះ តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតបួនខែ បន្ទាប់ពីមានព័ត៌មានថា ការដឹកជញ្ជូនប្រេងឆៅ ចេញពីកំពង់ផែ Yanbu នៅសមុទ្រក្រហមរបស់អារ៉ាប៊ីសាអូឌីតត្រូវបានផ្អាក ហើយទីក្រុងរីយ៉ាដ បានលុបចោលការដឹកជញ្ជូនមួយចំនួនទៅកាន់អឺរ៉ុប បន្ទាប់ពីបំពង់បង្ហូរប្រេង East-West របស់ខ្លួនត្រូវបានខូចខាតនៅក្នុងការវាយប្រហារមួយកាលពីសប្តាហ៍មុន។
ប្រែសម្រួលៈ ណៃ តុលា

To Top