ប្រធានាធិបតីឥណ្ឌូណេស៊ី បញ្ជាឱ្យប៉ូលិសចាត់វិធានការ តឹងរ៉ឹងលើក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងការឆេះព្រៃ
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានបញ្ជាឱ្យប៉ូលិសធ្វើការស៊ើបអង្កេតលើការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដែលអាចកើតមានចំពោះក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងការឆេះព្រៃ និងដីធ្លីនៅក្នុងតំបន់ Sumatra និង Kalimantan ដោយលោកលើកឡើងថា ការដកហូតអាជ្ញាប័ណ្ណតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ។
ការបញ្ជានេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ដែលបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ និងវិធានការកាត់បន្ថយផលប៉ះពាល់ សម្រាប់រយៈពេលមួយខែកន្លះខាងមុខ ដែលអាជ្ញាធរចាត់ទុកថាជាពេលវេលាដែលមានហានិភ័យខ្ពស់នៃការកើតមានអគ្គិភ័យ។
លោក Prabowo បានលេីកឡេីងថា ក្រុមហ៊ុន ដែលត្រូវបានរកឃើញថាទទួលខុសត្រូវចំពោះការឆេះព្រៃទាំងនោះ គួរតែត្រូវបានដកហូតអាជ្ញាប័ណ្ណ និងប្រឈមមុខនឹងការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា តំបន់ Kalimantan និង Sumatra របស់ប្រទេសឥណ្ឌូណេស៊ី បានជួបប្រទះបញ្ហាឆេះព្រៃ និងដីធ្លីយ៉ាងទូលំទូលាយនៅឆ្នាំនេះ ដោយផ្សែងហុយបានរំខានដល់ជើងហោះហើរ បង្ខំឱ្យបិទសាលារៀន និងបណ្តាលឱ្យគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់នៅក្នុងតំបន់មួយចំនួននៃប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា
