អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី បើកការវាយប្រហារគ្នា ទៅវិញទៅមក ស្របពេលដែលសង្គ្រាម នៅមជ្ឈិមបូព៌ាកំពុងរីករាលដាល
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី (Houthi) នៅយេម៉ែនដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាទៅវិញ ទៅមកនៅតាមបណ្តោយព្រំដែន ខណៈដែលប្រជាជនយេម៉ែន បានជិះទូកចេញទៅកាន់សមុទ្រក្រហមដើម្បីគេចចេញពីការប្រយុទ្ធគ្នា។ ស្ថានការណ៍នេះកើតឡើងស្របពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកំពុងរីករាលដាល និងបង្កជាការគំរាមកំហែងថ្មីដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ស្ថានីយទូរទស្សន៍ដែលគ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍អំពីការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងខេត្ត Hajjah ដែលស្ថិតនៅជិតព្រំដែនអារ៉ាប៊ីសាអូឌីត និងក្បែរឆ្នេរសមុទ្រក្រហម ព្រមទាំងនៅតំបន់ជុំវិញទីក្រុង Taiz ដែលស្ថិតនៅផ្នែកខាងក្នុងនៃប្រទេសឆ្ពោះទៅទិសខាងត្បូង។
អាជ្ញាធរការពារស៊ីវិលរបស់អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា បុរសជនជាតិយេម៉ែនម្នាក់ដែលរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានស្លាប់ដោយសារបំណែកនៃយន្តហោះគ្មានមនុស្សបើក (drone) ដែលត្រូវបានស្ទាក់ចាប់ និងបាញ់ទម្លាក់នៅពីលើទីក្រុង Taif ភាគខាងលិច។ នេះគឺជាករណីស្លាប់លើកដំបូងដែលទីក្រុងរីយ៉ាដបានប្រកាសពាក់ព័ន្ធនឹងការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូទី ចាប់តាំងពីការប្រយុទ្ធគ្នាបានកើនឡើងកាលពីសប្តាហ៍មុន។ មុននេះ អាជ្ញាធរធ្លាប់បានរាយការណ៍ថាមានមនុស្សជាង ៨០ នាក់បានរងរបួស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានឱ្យដឹងថា កប៉ាល់ដឹកប្រេងមួយគ្រឿងដែលប្រើប្រាស់ទង់ជាតិប្រទេសតូហ្គោ (Togo) បានឆេះបន្ទាប់ពីត្រូវបានវាយប្រហារ ខណៈពេលដែលកប៉ាល់នេះព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលភាគីអ៊ីរ៉ង់ចាត់ទុកថាជា «ការឆ្លងកាត់ខុសច្បាប់»។ កងឆ្មាំជើងទឹកបានបញ្ជាក់ថា កប៉ាល់ដឹកប្រេងនោះបានឈប់ដំណើរការបន្ទាប់ពីមានការឆេះ។
សូមជម្រាបថា ការរីករាលដាលនៃជម្លោះចូលទៅក្នុងប្រទេសយេម៉ែន និងអារ៉ាប៊ីសាអូឌីត បានបង្កឱ្យមានការព្រួយបារម្ភថ្មីៗអំពីការផ្គត់ផ្គង់ប្រេង ដោយសារវាបង្កហានិភ័យដល់ផ្លូវដឹកជញ្ជូន ជំនួសដ៏សំខាន់តាមសមុទ្រក្រហមសម្រាប់ការនាំចេញរបស់បណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ ខណៈដែលការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែជួបការរឹតត្បិត។
ប្រែសម្រួលៈ ណៃ តុលា
