ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក៖ លោក Trump គ្រោងនឹងទៅទទួលស្វាគមន៍លោក Xi ដោយផ្ទាល់នៅព្រលានយន្តហោះ

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានប្រាប់អ្នកសារព័ត៌មានCNA កាលពីថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០៦ នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងទៅទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយផ្ទាល់ នៅឯមូលដ្ឋានទ័ពអាកាស Joint Base Andrews ដែលជាព្រលានយន្តហោះយោធា ស្ថិតនៅជាយក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពេលដែលលោកអញ្ជើញមកដល់នៅសប្តាហ៍ក្រោយ សម្រាប់ដំណើរទស្សនកិច្ចនៅសេតវិមាន។

​មន្ត្រីជាន់ខ្ពស់អាមេរិកដែលបានធ្វើសន្និសីទសង្ខេបប្រាប់អ្នកសារព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ថា កម្មវិធីនេះនឹងរួមបញ្ចូលនូវពិធីទទួលស្វាគមន៍ជាផ្លូវការនៅក្នុងសេតវិមាន ការត្រួតពលយោធានៅសួនច្បារ Rose Garden ព្រមទាំងពិធីលៀងសាយភោជន៍ថ្នាក់រដ្ឋ (State dinner) នៅពេលល្ងាចផងដែរ។

​ប្រភពដដែលបានបន្តថា ក្នុងចំណោមភ្ញៀវកិត្តិយសដែលនឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានវត្តមានរបស់នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនរូប រួមមាន លោក Jeff Bezos នៃក្រុមហ៊ុន Amazon, លោក Sundar Pichai នៃក្រុមហ៊ុន Alphabet, លោក Sam Altman នៃក្រុមហ៊ុន OpenAI, លោក Tim Cook នៃក្រុមហ៊ុន Apple, លោក Elon Musk នៃក្រុមហ៊ុន Tesla, លោក Jensen Huang នៃក្រុមហ៊ុន Nvidia និងលោក Michael Dell នៃក្រុមហ៊ុន Dell Technologies៕

ប្រែសម្រួល៖ គីរី

To Top