តម្លៃប្រេងធ្លាក់ចុះ បន្ទាប់ពីចិន ឆ្លើយតបនឹងសំណើ របស់អារ៉ាប៊ីសាអូឌីត ដែលបានស្នើឱ្យអ៊ីរ៉ង់ ដាក់កម្រិតលើការ វាយប្រហារដោយក្រុមឧទ្ទាម Houthi
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃសុក្រ បន្ទាប់ពីប្រទេសចិន ឆ្លើយតបនឹងសំណើរបស់អារ៉ាប៊ីសាអូឌីត ដែលបានស្នើឱ្យអ៊ីរ៉ង់ដាក់កម្រិតលើការវាយប្រហារ ដោយក្រុមឧទ្ទាម Houthi ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង របស់អារ៉ាប៊ីសាអូឌីត ដែលបានគំរាមកំហែងដល់ផ្លូវដឹកជញ្ជូន ប្រេងនាំចេញទីពីរនៅក្នុងតំបន់មជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានបិទនៅកម្រិត ១០៤,៨៧ ដុល្លារក្នុងមួយបារ៉ែល ដោយបានធ្លាក់ចុះ ៩៥ សេន ឬ ០,៩៣%។ ចំណែកតម្លៃសម្រាប់ប្រេងឆៅ US West Texas Intermediate បានបិទនៅកម្រិត ១០០,៣០ ដុល្លារក្នុងមួយបារ៉ែល ដោយបានធ្លាក់ចុះ ១,៦១ ដុល្លារ ឬ ១,៥៨%។
តម្លៃប្រេងបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តការវាយប្រហារគ្នាទៅវិញទៅមក ហើយក្រុម Houthi ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏បានបង្កើនសកម្មភាពយោធា របស់ពួកគេផងដែរ។ សកម្មភាពថ្មីៗទាំងនេះ រួមជាមួយនឹងបញ្ហាទាក់ទង នឹងសមត្ថភាពចម្រាញ់ ប្រេងនៅទូទាំងពិភពលោក បានរុញច្រានតម្លៃប្រេងឥន្ធនៈសំខាន់ៗ ដូចជាប្រេងម៉ាស៊ូតឱ្យឡើងថ្លៃនៅក្នុងទីផ្សារធំៗ។
បច្ចុប្បន្ននេះ តម្លៃលក់រាយប្រេងម៉ាស៊ូតនៅក្នុងសហរដ្ឋអាមេរិកមានតម្លៃ ៦,៤៥ ដុល្លារក្នុងមួយហ្គាឡុង (១ហ្គាឡុង ស្មើនឹងប្រហែល ៣,៧លីត្រ) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ខណៈដែលតម្លៃលក់រាយប្រេងសាំងមានតម្លៃជាមធ្យម ៤,៤៧ ដុល្លារក្នុងមួយហ្គាឡុង ក្នុងអំឡុងពេលនៃឆ្នាំដែលជាធម្មតាជាពេលដែលតម្លៃប្រេងសាំងតែងតែធ្លាក់ចុះ។
ប្រែសម្រួល: ណៃ តុលា
