ព័ត៌មានអន្តរជាតិ

កិច្ចសហប្រតិបត្តិការ AI ជួយកាត់បន្ថយគម្លាតបច្ចេកវិទ្យា ខណៈអ្នកជំនាញសាទរគំនិត ផ្តួចផ្តើមរបស់ប្រធានាធិបតីចិន

បរទេស៖ ការអំពាវនាវរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាសិប្បនិម្មិត (AI) កាន់តែខ្លាំងក្លា ក្នុងចំណោមប្រទេសសមាជិក BRICS នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកាត់បន្ថយ គម្លាតបច្ចេកវិទ្យា របស់ពួកគេ និងរួមចំណែកដល់ការបង្កើតអភិបាលកិច្ច AI ជាសកលមួយប្រកបដោយបរិយាបន្ន។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអន្តរជាតិ នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន China Dualy។

នៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ដែលប្រារព្ធឡើងនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ លោកប្រធានាធិបតីចិន បានស្នើឱ្យប្លុក BRICS ដើរតួជាអ្នកត្រួសត្រាយផ្លូវ ក្នុងការអភិវឌ្ឍ ដោយផ្អែកលើនវានុវត្តន៍ ។ លោកបានដាក់ចេញ នូវវិធានការសហប្រតិបត្តិការ AI មួយចំនួន រួមមាន គំនិតផ្តួចផ្តើម ឧស្សាហូបនីយកម្មថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា AI និង គំនិតផ្តួចផ្តើម AI បើកចំហ (Open-source) និងប្រកបដោយបរិយាបន្ន។

លោក Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិម៉ាឡេស៊ី បានចាត់ទុកសំណើនេះថា “ធ្វើឡើងចំពេលស័ក្តិសម” ព្រោះបច្ចេកវិទ្យា AI បើកចំហគឺជាស្នូលនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ លោកបានសង្កត់ធ្ងន់ថា ដើម្បីចៀសវាងការពឹងផ្អែកយូរអង្វែង ការប្រើប្រាស់បច្ចេកវិទ្យាបើកចំហនេះត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍសមត្ថភាពក្នុងស្រុក។

លោក Klaus Heinrich Raditio សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនៅទីក្រុងហ្សាការតា (ប្រទេសឥណ្ឌូនេស៊ី) បានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ដោះស្រាយបញ្ហាប្រឈមនៃខ្សែច្រវាក់ផ្គត់ផ្គង់។ បច្ចុប្បន្ន ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនពិបាកទទួល បានបច្ចេកវិទ្យាទំនើបៗ ដោយសារការគ្រប់គ្រងតឹងរ៉ឹងពីប្រទេស អភិវឌ្ឍន៍ដោយហេតុផលនយោបាយ និងកត្តាផ្សេងៗ។

លោក Raditio ក៏បានលើកជាឧទាហរណ៍ថា សម្រាប់ប្រទេសកោះដូចជាឥណ្ឌូនេស៊ី ការប្រើប្រាស់ AI ក្នុងវិស័យឧតុនិយម និងរញ្ជួយដី អាចជួយយ៉ាងច្រើនក្នុងការទស្សន៍ទាយ និងត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ ដែលបច្ចុប្បន្នប្រទេសចិនកំពុងជួយក្នុងវិស័យនេះស្រាប់។

លោក Lakhvinder Singh នាយកផ្នែកសិក្សាសន្តិភាព និងសន្តិសុខនៃវិទ្យាស្ថានអាស៊ី ប្រចាំទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) បានលើកឡើងថា តាមរយៈការលើកកម្ពស់គំរូ Open-source ការស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាល និងការចែករំលែក កម្មវិធីប្រើប្រាស់ ប្រទេស BRICS អាចកាត់បន្ថយឧបសគ្គក្នុង ការទទួលបានបច្ចេកវិទ្យា AI ទំនើបៗ។ លោកបានបន្ថែមថា ចិន និងឥណ្ឌា មានសក្តានុពលខ្ពស់ក្នុងការជំរុញនវានុវត្តន៍ AI សម្រាប់ប្លុក BRICS និងពិភពលោកកំពុងអភិវឌ្ឍន៍ទាំងមូល។

ជារួម ក្រៅពីក្របខណ្ឌ BRICS តំបន់អាស៊ីទាំងមូលមានទាំងប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថលជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍន៍ដែលជួបប្រទះឧបសគ្គ។ កិច្ចសហប្រតិបត្តិការដែលពង្រីកលទ្ធភាពទទួលបានបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ នឹងជួយបង្រួញគម្លាតទាំងនេះ និងអនុញ្ញាតឱ្យប្រទេសកាន់តែច្រើនអាចចូលរួមយ៉ាងសកម្ម និងមានអត្ថន័យនៅក្នុងសេដ្ឋកិច្ច AI។

ប្រែសម្រួល៖ គីរី

To Top