កាសែតអាល្លឺម៉ង់ Handelsblatt រាយការណ៍ថា ក្រុមហ៊ុន Porsche អាចនឹងត្រូវកាត់បន្ថយ ការងារចំនួន ៤.០០០ កន្លែងបន្ថែមទៀត
បរទេស៖ កាសែតអាជីវកម្មប្រចាំថ្ងៃរបស់អាល្លឺម៉ង់ឈ្មោះ Handelsblatt បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ផែនការដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Volkswagen ដើម្បីកែប្រែស្ថានភាព អាជីវកម្មឡើងវិញ បានគ្រោងទុក នូវការកាត់បន្ថយការងារ បន្ថែមទៀតជាង ៤,០០០ កន្លែង នៅក្រុមហ៊ុន Porsche បន្ទាប់ពីមានការព្រមាន អំពីប្រាក់ចំណេញដែលពាក់ព័ន្ធ នឹងបញ្ហានានានៅក្នុងក្រុមហ៊ុន បុត្រសម្ព័ន្ធផលិតរថយន្តស្ព័រមួយនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមកាសែត Handelsblatt, ឯកសារដែលកត់ត្រា អំពីកិច្ចព្រមព្រៀងថ្មីៗនេះរបស់ក្រុមប្រឹក្សាត្រួតពិនិត្យក្រុមហ៊ុន Volkswagen ដើម្បីចាប់ផ្តើម ការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ បានស្នើឱ្យមានការកាត់បន្ថយបុគ្គលិក “ប្រហែល ៤,១០០ នាក់” នៅឯម៉ាកយីហោ Porsche ដើម្បីដោះស្រាយបញ្ហាកង្វះខាតថវិកា សម្រាប់ចំណាយប្រតិបត្តិការ ដែលមានចំនួនប្រហែល ៧០០ លានអឺរ៉ូ ឬស្មើនឹង ៨០៣.៨ លានដុល្លារអាមេរិក។
កាសែតនេះបានបញ្ជាក់ថា ការកាត់បន្ថយទាំងនេះនឹងធ្វើឡើង “បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់”។
កាលពីខែកក្កដា ថ្នាក់ដឹកនាំក្រុមហ៊ុន Porsche និងតំណាងកម្មករនិយោជិតបានយល់ព្រម លើការកាត់បន្ថយបុគ្គលិក បន្ថែមចំនួន ៥,០០០ នាក់ទៀត បន្ថែមលើចំនួន ៤,០០០ នាក់ដែលបានកំណត់រួចហើយ។ ការណ៍នេះធ្វើឱ្យចំនួនសរុបនៃការកាត់បន្ថយការងារដែលបានព្រមព្រៀងគ្នានៅក្រុមហ៊ុនផលិតរថយន្តម៉ូដែល 911 ដែលមានមូលដ្ឋាននៅទីក្រុង Stuttgart មួយនេះ កើនឡើងដល់ប្រហែលមួយក្នុងចំណោមបុគ្គលិកប្រាំនាក់នៅត្រឹមឆ្នាំ ២០៣៥។
ក្រុមហ៊ុន Volkswagen បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Porsche ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការដែលត្រូវបានរាយការណ៍របស់ក្រុមប្រឹក្សាត្រួតពិនិត្យក្រុមហ៊ុន Volkswagen ផងដែរ។
