អ្នកជំនាញ ៖ ចិនត្រូវការគោលនយោបាយ អន្តោប្រវេសន៍តាមបែបអាមេរិក ដើម្បីយកឈ្នះការប្រកួតប្រជែង បច្ចេកវិទ្យាជាមួយទីក្រុងវ៉ាស៊ីនតោន
បរទេស ៖ អ្នកវិភាគ គោលនយោបាយ សាធារណៈចិន បានលើកឡើងថា ប្រទេសចិនអាចរៀនសូត្រ ពីយុទ្ធសាស្ត្រ អន្តោប្រវេសន៍ របស់សហរដ្ឋអាមេរិក ក្នុងការទាក់ទាញអ្នកមានទេពកោសល្យពីបរទេស ដើម្បីរក្សាភាពប្រកួត ប្រជែងរបស់ខ្លួននៅក្នុងការប្រណាំងប្រជែងបច្ចេកវិទ្យាសកលដែលកំពុងតានតឹង និងកើនឡើងកម្តៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
លោក Li Mingbo អនុប្រធានវិទ្យាស្ថានក្វាងចូវនៃតំបន់ Greater Bay Area (GIG) បានផ្តល់អនុសាសន៍ថា ប្រទេសចិនគួរតែបង្កើតបរិយាកាសមួយដែលអំណោយផល និងងាយស្រួលដល់ការប្រើប្រាស់ភាសាអង់គ្លេស (English-friendly environment) ដើម្បីជាការទាក់ទាញដល់អ្នកមានទេពកោសល្យបរទេស។
លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនត្រូវតែបង្កើនប្រសិទ្ធភាព ឱ្យបានកាន់តែខ្លាំងជាងមុន ក្នុងការផ្សព្វផ្សាយអំពីទិដ្ឋាការប្រភេទ K ថ្មីរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់អ្នកឯកទេស ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវ័យក្មេងមកពីក្រៅប្រទេស។
លោក Li ក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះ ប្រទេសចិននៅមានកង្វះខាត នូវប្រព័ន្ធអន្តោប្រវេសន៍ ដែលត្រូវបានរៀបចំឡើង យ៉ាងពិសេស (Tailored immigration system) សម្រាប់បំពេញតម្រូវការ អ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ (Hi-tech talent) នៅឡើយ។
ដើម្បីអាចយកឈ្នះនៅក្នុងសង្គ្រាមប្រកួតប្រជែងបច្ចេកវិទ្យា ទីក្រុងប៉េកាំងចាំបាច់ត្រូវកែទម្រង់ និងមានប្រព័ន្ធអន្តោប្រវេសន៍មួយដែលទាក់ទាញ និងអំណោយផល ដើម្បីស្រូបយកធនធានមនុស្ស និងអ្នកជំនាញឆ្នើមៗពីជុំវិញពិភពលោក ដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងអនុវត្ត។
ប្រែសម្រួល៖ គីរី
