ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ ទប់ស្កាត់ការគំរាមកំហែង តាមប្រព័ន្ធអ៊ីនធឺណិតជាង ១០០ លានដង អំឡុងពេលបោះឆ្នោតសភា

មូស្គូ៖ លោកស្រី Ella Pamfilova ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតកណ្តាល (CEC) របស់រុស្ស៊ី បានឧ្យដឹងថា ប្រទេសរុស្ស៊ី បានទប់ស្កាត់ការគំរាមកំហែង តាមប្រព័ន្ធអ៊ីនធឺណិត (cyber threats) ដែលអាចកើតមានជាង ១០០ លានដង​ ដែលមានគោលដៅវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ នៃការបោះឆ្នោតរបស់ខ្លួន អំឡុងពេលនៃការបោះឆ្នោតសភា (State Duma)។

លោកស្រី Pamfilova បានបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតរបស់រុស្ស៊ី រួមទាំងគេហទំព័រផ្លូវការសម្រាប់ការបោះឆ្នោតផងដែរនោះ បានរងការវាយប្រហារតាមបែប DDoS ក្នុងកម្រិតធំ និងមានសមត្ថភាពខ្ពស់ ព្រមទាំងការប៉ុនប៉ងជ្រៀតចូលម៉ាស៊ីនមេ (web server) ពេញមួយរយៈពេលនៃការបោះឆ្នោត។

អាជ្ញាធរក៏បានរកឃើញការប៉ុនប៉ង ទាញយកផលប្រយោជន៍ពីចំណុចខ្សោយនៃប្រព័ន្ធ និងការប៉ុនប៉ងរំខានដល់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ជាតិផងដែរ។

សកម្មភាពដែលមានចេតនាអាក្រក់ទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ និងត្រងយកចេញដោយប្រព័ន្ធសន្តិសុខជាតិ ដោយមិនមានការជ្រៀត ចូលតាមប្រព័ន្ធអ៊ីនធឺណិតណាមួយ​ ដែលទទួលបានជោគជ័យនោះទេ ទោះបីជាការវាយប្រហារ ទាំងនោះមានកម្រិតធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកក៏ដោយ។

ការស៊ើបអង្កេតបានបញ្ជាក់ថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត​ ដែលមានគោលដៅលើប្រព័ន្ធបោះឆ្នោតតាមអេឡិចត្រូនិកពីចម្ងាយរបស់រុស្ស៊ី ភាគច្រើនមានប្រភពមកពីបរទេស ដោយការវាយប្រហារមួយចំនួនបានប្រើប្រាស់អាសយដ្ឋាន IP របស់រុស្ស៊ីដែលត្រូវបានក្លែងបន្លំ។

លោកស្រីបានរិះគន់យ៉ាងខ្លាំងចំពោះការប៉ុនប៉ងរបស់លោកខាងលិចក្នុងការរំខានដល់ដំណើរការបោះឆ្នោតរបស់រុស្ស៊ី ដោយកត់សម្គាល់ថា​ ប្រទេសលោកខាងលិចបានប្រមូលផ្តុំក្រុមមេធាវីជំនាញ ដែលប្រៀបដូចជា “សត្វត្មាតស៊ីសាកសពក្នុងការបោះឆ្នោត” ដើម្បីស្វែងរកចន្លោះប្រហោងនៃច្បាប់ ផ្សព្វផ្សាយព័ត៌មានមិនពិត និងរំខានដល់ការងាររបស់គណៈកម្មការ CEC៕

To Top