អនុប្រធានាធិបតីតៃវ៉ាន់ ប្រាប់សារព័ត៌មាន Sky News ថា តៃវ៉ាន់ នៅមិនទាន់មានសព្វាវុធគ្រប់គ្រាន់ ដើម្បីការពារខ្លួននៅឡើយទេ
បរទេស៖ យោងតាមកិច្ចសម្ភាសន៍ពិសេស ជាមួយសារព័ត៌មាន Sky News អនុប្រធានាធិបតីតៃវ៉ាន់ លោកស្រី ហ្សាវ ប៊ីឃីម (Hsiao Bi-khim) បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះ តៃវ៉ាន់នៅ «មិនទាន់» មានសព្វាវុធគ្រប់គ្រាន់ ដើម្បីធានាបាននូវការការពារខ្លួនឯង ទាំងស្រុងនៅឡើយទេ ស្របពេលដែលប្រទេសចិនកំពុងបន្តបង្កើនសម្ពាធយោធា យ៉ាងខ្លាំងក្លាមកលើកោះមួយនេះ។
លោកស្រីអនុប្រធានាធិបតីបានសង្កត់ធ្ងន់ថា ដើម្បីអាចទប់ទល់នឹងកម្លាំងយោធា ដ៏ធំរបស់ទីក្រុងប៉េកាំង តៃវ៉ាន់ចាំបាច់ត្រូវតែពន្លឿនការកសាង និងអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ខ្លួនបន្ថែមទៀត ព្រោះចំនួនសព្វាវុធ និងយុទ្ធោបករណ៍ដែលមាននៅក្នុងដៃនាពេលបច្ចុប្បន្ន នៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងទំហំនៃការគំរាមកំហែងនោះទេ។
ការលើកឡើងនេះធ្វើឡើងក្នុងបរិបទដែលកងទ័ពរំដោះប្រជាជនចិន (PLA) កំពុងបង្កើនការប្រើប្រាស់យុទ្ធសាស្ត្រតំបន់ប្រផេះ (Gray-zone tactics) និងការគំរាមកំហែងចម្រុះ រួមមានការដាក់ពង្រាយនាវាចម្បាំង ការហោះហើរយន្តហោះយោធាឆ្លងកាត់បន្ទាត់កណ្តាល និងការធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ជាដើម។
លោកស្រី Hsiao បានគូសបញ្ជាក់ថា តៃវ៉ាន់ត្រូវតែបន្តទំនើបកម្ម ប្រព័ន្ធការពារជាតិរបស់ខ្លួន ពិសេសតាមរយៈការវិនិយោគ លើបច្ចេកវិទ្យាប្រព័ន្ធគ្មានមនុស្សបើក (Drones) និងសព្វាវុធទំនើបៗ ដើម្បីបង្កើន «តម្លៃនៃការវាយប្រហារ» (ធ្វើឱ្យចិនប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរបំផុតប្រសិនបើហ៊ានវាយប្រហារ) ដែលនេះជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់សង្គ្រាម។
ថ្នាក់ដឹកនាំតៃវ៉ាន់រូបនេះ បានរំលេចសារជាថ្មីពីសារៈសំខាន់នៃកោះតៃវ៉ាន់ចំពោះពិភពលោក ជាពិសេសការពឹងផ្អែកលើខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប (Semiconductors)។
ការវាយប្រហារណាមួយមកលើតៃវ៉ាន់ នឹងបង្កមហន្តរាយដែលមិនអាចប៉ាន់ស្មានបានដល់សេដ្ឋកិច្ចពិភពលោក ដូច្នេះការជួយទប់ស្កាត់ការឈ្លានពានពីចិន គឺជាផលប្រយោជន៍ និងការទទួលខុសត្រូវរួមរបស់សហគមន៍ប្រជាធិបតេយ្យទូទាំងពិភពលោក។
ការថ្លែងសារដ៏ត្រង់ទៅត្រង់មករបស់លោកស្រីអនុប្រធានាធិបតីតៃវ៉ាន់នៅលើបណ្តាញព័ត៌មានអន្តរជាតិ Sky News នេះ គឺជាការបង្ហាញពីភាពប្រាកដនិយមរបស់តៃវ៉ាន់ចំពោះចំណុចខ្វះខាតផ្នែកយោធារបស់ខ្លួន។
ទន្ទឹមនឹងនេះ វាក៏ជាការអំពាវនាវយ៉ាងទទូចស្នើសុំការគាំទ្រ ការពន្លឿនការលក់អាវុធ និងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខបន្ថែមទៀតពីសំណាក់សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិ ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រែសម្រួល៖ គីរី
