ប្រទេសថៃ កំពុងពិចារណាលើការ កាត់បន្ថយពន្ធពិសេសលើប្រេងឥន្ធនៈ ដើម្បីសម្រាលបន្ទុក នៃការចំណាយលើការរស់នៅ
បរទេស៖ លោក Ekniti Nitithanprapas រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសថៃកំពុងពិចារណា លើការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ដើម្បីសម្រាលសម្ពាធ នៃបន្ទុកចំណាយក្នុងការរស់នៅ ដែលបណ្តាល មកពីវិបត្តិថាមពល ។
យោងតាមសារព័ត៌មាន Business Today ចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Ekniti បានបញ្ជាក់ថា ការកាត់បន្ថយពន្ធនេះ កំពុងត្រូវបានពិចារណា ខណៈដែលវិធានការភាគច្រើនផ្សេងទៀត ដើម្បីកាត់បន្ថយថ្លៃដើមប្រេង ឥន្ធនៈត្រូវបានប្រើប្រាស់អស់ហើយ រួមទាំងការកាត់បន្ថយប្រាក់ ចំណេញរបស់រោងចក្រចម្រាញ់ប្រេង និងការប្រើប្រាស់មូលនិធិប្រេងឥន្ធនៈរបស់ថៃ ដើម្បីរក្សាលំនឹងតម្លៃ។
ការកាត់បន្ថយពន្ធដែលបានស្នើឡើងនេះ នឹងអនុវត្តចំពោះប្រេងឥន្ធនៈជីវសាស្ត្រ (biofuels) ដែលបានលាយបញ្ចូលគ្នា ដូចជាប្រភេទ E20 និង B20 ជាដើម ដែលលោក Ekniti បានលើកឡើងថា វានឹងជួយដល់កសិករផងដែរ។
លោកបាននិយាយថា «រាល់ការកាត់បន្ថយពន្ធនឹងត្រូវរៀបចំឡើង ដោយមិនប៉ះពាល់ដល់ស្ថានភាព ហិរញ្ញវត្ថុសាធារណៈរបស់ថៃឡើយ ដែលនេះគឺជាចំណុចខ្លាំងដ៏សំខាន់មួយ ដែលត្រូវបានយកមកពិចារណា ដោយស្ថាប័នវាយតម្លៃឥណទាន»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃរូបនេះ ក៏បានបញ្ជាក់ផងដែរថា លោកនឹងស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ដើម្បីបន្តអនុវត្តកម្មវិធីឧបត្ថម្ភធនសម្រាប់អ្នកប្រើប្រាស់។
