ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីប្តូរយកការបង្កកកម្មវិធី នុយក្លេអ៊ែរកូរ៉េខាងជើង
សេអ៊ូល៖ យោងតាមការចុះផ្សាយរបស់កាសែត New York Times បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung (លី ជេម្យុង) បានជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង ជាថ្នូរនឹងកិច្ចព្រមព្រៀង មួយដែលទីក្រុងព្យុងយ៉ាង ត្រូវបង្កកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។
នៅក្នុងបទសម្ភាសន៍មួយ កាសែតនេះបានដកស្រង់សម្តីលោក Lee ដែលបានថ្លែងថា៖ «ខ្ញុំជឿជាក់ថា វាមានគុណតម្លៃដ៏សំខាន់ក្នុងការផ្លាស់ប្តូរគ្នា រវាងការបន្ធូរបន្ថយទណ្ឌកម្ម (ដែលមិនសូវមានប្រសិទ្ធភាពស្រាប់ទៅហើយនោះ) ជាមួយនឹងការបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្ថែម រួមទាំងបច្ចេកវិទ្យាមីស៊ីលផ្លោងអន្តរទ្វីប (ICBM)»។
លោក Lee ក៏បានលើកឡើងផងដែរថា ការបន្តទាមទារឱ្យមានការរំសាយអាវុធ នុយក្លេអ៊ែរទាំងស្រុង ក្នុងកាលៈទេសៈបច្ចុប្បន្ន គឺជារឿង ដែលមិនអាចសម្រេចបានឡើយ ។ លោកបានបន្តថា នៅពេលដែលការធានាលើការបង្កកអាវុធនុយក្លេអ៊ែរទទួលបានជោគជ័យ ទំនុកចិត្តអាចត្រូវបានកសាង ឡើងជាបណ្តើរៗ តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះឱ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅបញ្ចុះបញ្ចូល កូរ៉េខាងជើងឱ្យកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកប្រធានាធិបតីបានបញ្ជាក់ថា ភាពជាប់គាំងនាពេលបច្ចុប្បន្ន គឺមានហានិភ័យខ្ពស់ពេកក្នុងការបណ្តោយឱ្យបន្តកើតមានទៀត ដោយលោកបានលើកឡើងពីការវាយតម្លៃរបស់កូរ៉េខាងត្បូង ដែលបង្ហាញថា បច្ចុប្បន្នកូរ៉េខាងជើងមានសមត្ថភាពផលិត ឬប្រហែលជាកំពុងតែផលិតអាវុធនុយក្លេអ៊ែរបន្ថែមពី ១០ ទៅ ២០ គ្រាប់ជារៀងរាល់ឆ្នាំ។
លោកបានសង្កត់ធ្ងន់ជាចុងក្រោយថា៖ «នៅពេលដែលពួកគេ [កូរ៉េខាងជើង] ជឿជាក់ថាខ្លួនបានប្រមូលផ្ដុំអាវុធនុយក្លេអ៊ែរ និងមីស៊ីលគ្រប់គ្រាន់ដើម្បីធានាដល់ការរស់រានមានជីវិតរបស់របបខ្លួនហើយនោះ ពួកគេនឹងមានមហិច្ឆតានាំចេញអាវុធទាំងនោះដើម្បីរកប្រាក់ចំណូល។ នោះទើបជាពេលវេលាដ៏គ្រោះថ្នាក់ពិតប្រាកដ»។
ប្រែសម្រួល៖ គីរី
