ពលរដ្ឋយេម៉ែនជាង ១៣ម៉ឺននាក់ ភៀសខ្លួនចេញពីលំនៅឋាន ខណៈជម្លោះកាន់តែធ្ងន់ធ្ងរឡើង
ហ្សឺណែវ៖ អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) បានឱ្យដឹងថា មនុស្សជិត ១៣០,០០០នាក់បានភៀសខ្លួន ចេញពីលំនៅឋាននៅទូទាំងខេត្តចំនួន ៧ ក្នុងប្រទេសយេម៉ែន ដោយសារតែស្ថានភាពអសន្តិសុខកាន់តែធ្ងន់ធ្ងរឡើង ហើយក្នុងចំណោមនោះ មានមនុស្សជាច្រើនបានភៀសខ្លួនច្រើនលើកច្រើនសាររួចមកហើយ។
លោក Othman Belbeisi នាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ IOM បានឧ្យដឹងថា តួលេខនេះនៅតែបន្តកើនឡើង។ នៅថ្ងៃទី ១៨ ខែកញ្ញា យើងបានកត់ត្រាឃើញមានអ្នកភៀសខ្លួនចំនួន ១១៨,០៨៦នាក់។ បីថ្ងៃក្រោយមក តួលេខនេះបានកើនឡើងចំនួន ១១,៣៥២នាក់បន្ថែមទៀត»។
យោងតាមទិន្នន័យចុងក្រោយ របស់ IOM ខេត្ត Taiz ប្រទេសយេម៉ែន គឺជាតំបន់ដែលមានចំនួនអ្នក ភៀសខ្លួនច្រើនជាងគេបំផុត ដោយមានចំនួន ៧៣,៤៩៤នាក់។
ប្រទេសយេម៉ែនបានធ្លាក់ក្នុងស្ថានភាពជម្លោះតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ នៅពេលដែលក្រុម Houthi បានដណ្តើមការគ្រប់គ្រងលើ តំបន់មួយចំនួននៃប្រទេស រួមទាំងរដ្ឋធានីសាណា ផងដែរ ដែលជំរុញឱ្យមានការអន្តរាគមន៍ យោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅឆ្នាំបន្ទាប់ ដើម្បីគាំទ្រដល់រដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនឆ្នាំ ការលំបាកផ្នែកសេដ្ឋកិច្ច និងគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនយេម៉ែនរាប់លាននាក់ត្រូវការជំនួយមនុស្សធម៌៕
ប្រែសម្រួល ឈូក បូរ៉ា
