ព័ត៌មានអន្តរជាតិ

បណ្តាញទូរទស្សន៍ធំៗ ប្រកាសឈរខាង CNN និងបដិសេធមិនចាត់ក្រុមការងារ ជំនួសនៅសេតវិមាន

​បរទេស៖ បណ្តាញទូរទស្សន៍ធំៗ នៅសហរដ្ឋអាមេរិក បានប្រកាសឈរនៅខាង សារព័ត៌មាន CNN ដោយបដិសេធមិន ព្រមបញ្ជូនក្រុមការងាររបស់ខ្លួន ទៅជំនួសតួនាទីក្រុមការងារយកព័ត៌មានរួម (Pool Crew) របស់ CNN ប្រចាំសេតវិមាននោះទេ បន្ទាប់ពីរដ្ឋ បាលលោក ត្រាំ (Trump) បានហាមឃាត់បណ្តាញព័ត៌មាន មួយនេះមិនឱ្យបំពេញភារកិច្ចរបស់ខ្លួនកាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

​នៅក្នុងសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយ ស្ថាប័នព័ត៌មានធំៗរួមមាន ABC, CBS, CNN, Fox News និង NBC បានលើកឡើងថា៖ «សាធារណជនមានផលប្រយោជន៍ដ៏សំខាន់ ក្នុងការទទួលបានព័ត៌មានរដ្ឋាភិបាលដែលសុក្រឹត និងឯករាជ្យ។ គ្មានរដ្ឋបាលណាមួយគួររឹតត្បិតស្ថាប័នព័ត៌មានណាមួយ ដោយគ្រាន់តែខ្លួនមិនពេញចិត្តនឹងការរាយការណ៍ព័ត៌មានរបស់ស្ថាប័ននោះឡើយ»។

​សេចក្តីសម្រេចនេះមានន័យថា ក្រុមបណ្តាញ ទូរទស្សន៍រួម (Shared TV Pool) នឹងមិនចុះយកព័ត៌មានក្នុងព្រឹត្តិការណ៍ នានារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានកំណត់សម្រាប់តែក្រុមអ្នកសារព័ត៌មានតំណាង (Pool Coverage) នោះឡើយ។ នេះបើយោងតាមអ៊ីមែលកាលពីថ្ងៃចន្ទ ពីលោក Bryan Boughton ប្រធានការិយាល័យសារព័ត៌មាន Fox News ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដែលបច្ចុប្បន្នជាប្រធានសហការីនៃក្រុម Pool នេះ។

​លោក Boughton បានសរសេរបញ្ជាក់ទៅកាន់សមាជិកបណ្តាញទូរទស្សន៍ដទៃទៀតថា៖ «ចំណាត់ការនេះគឺធ្វើឡើងបន្ទាប់ពីគោលជំហររបស់សេតវិមាន ដែលបានរារាំង CNN មិនឱ្យបំពេញភារកិច្ចជាក្រុមការងារ Pool របស់ខ្លួន។ ហេតុនេះ នឹងគ្មានការចាត់តាំងក្រុមណាមួយមកជំនួសនោះទេ ហើយចាប់ពីថ្ងៃនេះតទៅ ក្រុមទូរទស្សន៍រួមនឹងមិនចុះយកព័ត៌មានព្រឹត្តិការណ៍នានារបស់ប្រធានាធិបតីទៀតឡើយ»។

​គួរជម្រាបថា ក្រោមការរៀបចំដែលមានតាំងពីយូរលង់ណាស់មកហើយ បណ្តាញទូរទស្សន៍ទាំង ៥ ខាងលើ តែងតែផ្លាស់ប្តូរវេនគ្នាថតសកម្មភាពរបស់ប្រធានាធិបតី រួចផ្តល់វីដេអូផ្សាយបន្តផ្ទាល់ទៅគ្នាទៅវិញទៅមក ព្រមទាំងចែករំលែកដល់បណ្តាញអ្នកសារព័ត៌មានផ្សេងៗទៀតយ៉ាងទូលំទូលាយ។ ស្ថានីយទូរទស្សន៍ក្នុងស្រុក គេហទំព័រកាសែត និង បណ្តាញផ្សព្វផ្សាយនានានៅទូទាំងពិភពលោក គឺពឹងផ្អែកលើការចុះយក ព័ត៌មានប្រចាំថ្ងៃតាមរយៈប្រព័ន្ធនេះ។

ប្រែសម្រួល៖ គីរី

To Top