សហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកវត្តមានយោធា អាមេរិកនៅកោះហ្គ្រីនឡែន
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ប្រទេស ដាណឺម៉ាក និងទឹកដីស្វយ័តហ្គ្រីនឡែនរបស់ខ្លួន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយនៅទីក្រុងញូវយ៉ក ដើម្បីពង្រីកវត្តមានយោធា របស់សហរដ្ឋអាមេរិកនៅលើកោះដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងតំបន់អាកទិកមួយនេះ។
នៅក្នុងពិធីមួយដែលធ្វើឡើង ស្របពេលជាមួយកិច្ចពិភាក្សា ទូទៅរបស់អង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េតេ ហ្វ្រេដេរិកសិន និងនាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក ជេន-ហ្វ្រេដេរិក នីលសិន។
ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយនេះ សហរដ្ឋអាមេរិក នឹងទទួលបានការអនុញ្ញាតឱ្យធ្វើទំនើបកម្ម និងពង្រីកសកម្មភាពរបស់ខ្លួននៅមូលដ្ឋានអវកាស Pituffik ដែលខ្លួនកំពុងប្រតិបត្តិការស្រាប់នៅភាគពាយព្យនៃតំបន់ហ្គ្រីនឡែន ព្រមទាំងបង្កើតតំបន់ការពារបន្ថែមនៅតំបន់ Narsarsuaq និង Mestersvig ផងដែរ។
កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យយន្តហោះ របស់សហរដ្ឋអាមេរិកហោះហើរ និងចុះចតនៅគ្រប់ទីកន្លែងក្នុងទឹកដីហ្គ្រីនឡែន រួមទាំងដែនទឹករបស់ខ្លួនផងដែរ ខណៈដែលនាវាសាធារណៈរបស់សហរដ្ឋអាមេរិកអាចធ្វើដំណើរចូល និងធ្វើចលនានៅក្នុងដែនទឹកទាំងនោះ បាន ដោយគ្មានការរឹតត្បិត លើកលែងតែមានការព្រមព្រៀងគ្នា ទៅវិញទៅមករវាងភាគីពាក់ព័ន្ធ។
កិច្ចព្រមព្រៀងនេះហាមឃាត់មិនឱ្យប្រទេស ដែលមិនមែនជាសមាជិកអង្គការណាតូ បង្កើតមូលដ្ឋានយោធា (មិនថាមានមនុស្សប្រចាំការ ឬគ្មានមនុស្សប្រចាំការ) នៅកោះហ្គ្រីនឡែន ឬរក្សាវត្តមានកងកម្លាំងយោធា ជាប្រចាំនៅទីនោះឡើយ លុះត្រាតែមានការព្រមព្រៀងផ្សេងពីនេះរវាងភាគីពាក់ព័ន្ធ៕
