អ៊ីរ៉ង់ បញ្ជាក់ពីជំហររបស់ខ្លួន ៤ចំណុចទៅកាន់សហរដ្ឋអាមេរិក ជុំវិញការបេីកច្រកសមុទ្រហ័រមូសឡេីងវិញ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរង់ លោក Seyed Abbas Araghchi បានបញ្ជូន “ជំហរដាច់ខាតមួយ” របស់ប្រទេសខ្លួនពាក់ព័ន្ធនឹងការបើកឡើងវិញនូវច្រកសមុទ្រហ័រមូស ទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRIB។
ដោយដកស្រង់ប្រភពព័ត៌មានផ្ទាល់ខ្លួន IRIB បានឱ្យដឹងថា ជំហររបស់អ៊ីរង់ត្រូវបានបញ្ជូនទៅកាន់ភាគីអាមេរិក នៅក្នុងកិច្ចប្រជុំមួយរវាងលោក Araghchi និងលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក នៅក្រៅកិច្ចប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
យោងតាមសេចក្តីរាយការណ៍នោះ លក្ខខណ្ឌមួយចំនួនរបស់អ៊ីរង់ សម្រាប់ការបើកផ្លូវទឹកនេះឡើងវិញ រួមមានការដកការបិទខ្ទប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរង់ ដែលត្រូវបានបង្កក និងការបញ្ចប់សង្គ្រាមនៅក្នុងតំបន់លើគ្រប់ផ្នែកទាំងអស់។
កាលពីថ្ងៃទី ១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់លើគ្រប់ផ្នែកទាំងអស់ រួមទាំងប្រទេសលីបង់ផងដែរ។
ក្រោមអនុស្សរណៈនេះ ពួកគេត្រូវបានគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ ថ្ងៃ (ដែលបានបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា) ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែជោគវាសនានៃការចរចានេះនៅតែមិនច្បាស់លាស់ បន្ទាប់ពីមានការកើនឡើងនៃភាពតានតឹងជាបន្តបន្ទាប់រវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។
បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មកលើអ៊ីរង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ទីក្រុងតេអេរ៉ង់ បានដាក់កម្រិតលើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈដែលកងកម្លាំងអាមេរិក បានដាក់ចេញនូវការបិទខ្ទប់ផ្លូវសមុទ្រដោយកំណត់គោលដៅលើនាវាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែរបស់អ៊ីរង់៕
ប្រែសម្រួល ឈូក បូរ៉ា
