ប្រភពព័ត៌មានថា ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំណើរការឡើងវិញ ហើយនូវបំពង់បង្ហូរប្រេង ពីខាងកើតទៅខាងលិច
បរទេស៖ ប្រភពព័ត៌មានចំនួនបី ដែលបានដឹងពីបញ្ហានេះបានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើម ដំណើរការឡើងវិញនូវបំពង់បង្ហូរប្រេងពីខាងកើតទៅខាងលិច (East-West Pipeline) របស់ខ្លួន ហើយអាចនឹងបន្តការនាំចេញពីកំពង់ផែ Yanbu នៅសមុទ្រក្រហមឡើងវិញនៅពេលក្រោយនៅថ្ងៃអង្គារ ខណៈដែលមានសញ្ញាកើនឡើងនៃលំហូរប្រេងពីមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា ការចាប់ផ្តើមផ្គត់ផ្គង់ឡើងវិញនៅថ្ងៃអង្គារនេះ បានជួយជំរុញសកម្មភាពលក់នៅលើទីផ្សារប្រេងពិភពលោក។ តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារសម្រាប់ទីផ្សារពិភពលោក បានធ្លាក់ចុះជាង ២ ដុល្លារក្នុងមួយបារ៉ែល មកនៅកម្រិតជិត ៩៧ ដុល្លារ ដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ៨ ខែកញ្ញាមក។
ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក (drone) ដែលអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ថា បង្កឡើងដោយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ បានបង្ខំឱ្យព្រះរាជាណាចក្រនេះបិទបំពង់បង្ហូរប្រេងមួយនេះកាលពីថ្ងៃទី ១១ ខែកញ្ញា ដោយបានផ្អាកការផ្ទុកប្រេងឆៅនៅកំពង់ផែ Yanbu របស់ខ្លួន។
ចាប់តាំងពីជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានដល់លំហូរប្រេងពីអារ៉ាប៊ីសាអូឌីត និងប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រតាមរយៈច្រកសមុទ្រ Hormuz មក ទីក្រុង Riyadh បានប្រើប្រាស់បំពង់បង្ហូរប្រេងនេះដើម្បីបង្វែរការដឹកជញ្ជូនប្រេងប្រហែល ៤ លានបារ៉ែលក្នុងមួយថ្ងៃ ដែលស្មើនឹងប្រហែល ៤% នៃការផ្គត់ផ្គង់សកល ទៅកាន់កំពង់ផែ Yanbu។
ប្រែសម្រួលៈ ណៃ តុលា
