ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន VinSpeed របស់វៀតណាម ចុះហត្ថលេខាលើកិច្ចសន្យា ដែលមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារជាមួយក្រុមហ៊ុន យក្សផ្នែកផ្លូវដែករបស់អាល្លឺម៉ង់

បរទេស៖ ក្រុមហ៊ុន VinSpeed ដែលត្រូវបានបង្កើតឡើង ដោយលោក Pham Nhat Vuong បានចុះហត្ថលេខាលើ កិច្ចសន្យាដ៏ទូលំទូលាយមួយដែលមានតម្លៃរហូតដល់ ១ ពាន់លានអឺរ៉ូ ប្រហែលនឹង ១,១៥ ពាន់លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុន Siemens របស់អាល្លឺម៉ង់ ដើម្បីអភិវឌ្ឍបណ្តាញផ្លូវដែកនៅក្នុងប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា ព័ត៌មាននេះត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ២២ ខែកញ្ញា។ ក្រុមហ៊ុន Vingroup ក៏បានបញ្ជាក់ពីព័ត៌មាន និងតម្លៃនៃកិច្ចព្រមព្រៀងខាងលើនេះផងដែរ។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Siemens Mobility នឹងផ្គត់ផ្គង់រថភ្លើង ខណៈដែលក្រុមហ៊ុន VinSpeed នឹងសាងសង់ផ្លូវដែក។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរអភិវឌ្ឍបណ្តាញផ្លូវដែកល្បឿនលឿនដែលតភ្ជាប់ពីទីក្រុងហាណូយទៅកាន់ខេត្ត Quang Ninh និងពី Ben Thanh ទៅកាន់ស្រុក Can Gio ជាយក្រុងហូជីមិញ។

នៅចុងឆ្នាំមុន ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ។ យោងតាមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន Siemens Mobility នឹងផ្គត់ផ្គង់រថភ្លើងប្រភេទ Velaro Novo ចំនួន ១០ គ្រឿង ព្រមទាំងប្រព័ន្ធទំនាក់ទំនង និងប្រព័ន្ធអគ្គិសនី សម្រាប់បណ្តាញផ្លូវដែកចំនួនពីររបស់ VinSpeed។ នេះគឺជាប្រព័ន្ធផ្លូវដែកដែលមានទូក្បាលរថភ្លើងធំទូលាយ និងមានរាងជាបំពង់ ដែលអាចរត់ក្នុងល្បឿនរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ ក៏បានសហការលើការផ្ទេរបច្ចេកវិទ្យា និងការស្រាវជ្រាវអំពីវិធីសាស្ត្រ ថែទាំក្នុងអំឡុងពេលប្រតិបត្តិការផងដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top