ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16 របស់កងទ័ព អាកាសអាមេរិកមួយគ្រឿង ធ្លាក់នៅជិតមូលដ្ឋានយោធាអាមេរិក មួយកន្លែងក្នុងភាគខាងលិច ប្រទេសអាល្លឺម៉ង់

បរទេស៖ យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសអាមេរិកមួយគ្រឿង បានធ្លាក់នៅជិតមូលដ្ឋានយោធាអាមេរិក មួយកន្លែងក្នុងភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ដោយអ្នកបើកបរបានលោតចេញ ពីយន្តហោះមុនពេលយន្តហោះធ្លាក់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា យោធាអាមេរិកបានឱ្យដឹងថា យន្តហោះ F-16 Fighting Falcon ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងពលតូចយន្តហោះចម្បាំងទី ៥២ (52nd Fighter Wing) បានធ្លាក់នៅជិតមូលដ្ឋានទ័ពអាកាស Spangdahlem ក្នុងរដ្ឋ Rhineland-Palatinate នៅវេលាម៉ោងប្រហែល ២:៣០ រសៀល (ម៉ោងក្នុងតំបន់)។ អ្នកបើកបរត្រូវបានគេបញ្ជូនទៅទទួលការព្យាបាល។

យោងតាមអាជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អាល្លឺម៉ង់ បានឱ្យដឹងថា យន្តហោះ F-16 ចំនួន ៤ គ្រឿងបានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់។ យន្តហោះ ២ គ្រឿងនៅបន្តក្នុងតំបន់ហ្វឹកហាត់ ខណៈដែល ២ គ្រឿងទៀតបានហោះត្រឡប់ទៅកាន់មូលដ្ឋាន Spangdahlem វិញ ហើយយន្តហោះមួយគ្រឿងក្នុងចំណោមនោះត្រូវបានគេជឿថា បានធ្លាក់នៅពេលកំពុងហោះចូលទៅជិតមូលដ្ឋាន។ យន្តហោះដែលនៅសល់បានចុះចតនៅមូលដ្ឋានទ័ពអាកាស Ramstein នាពេលបន្ទាប់មក។

សូមជម្រាបថា មូលដ្ឋាន Spangdahlem គឺជាទីតាំងឈរជើងរបស់កងពលតូចយន្តហោះចម្បាំងទី ៥២ របស់កងទ័ពអាកាសអាមេរិក និងជាមូលដ្ឋានយោធាសំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់។ កងពលនេះប្រតិបត្តិការយន្តហោះ F-16 និងគាំទ្របេសកកម្មរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) ទាំងនៅក្នុងទ្វីបអឺរ៉ុប និងតំបន់ផ្សេងទៀត។ យោងតាមទីភ្នាក់ងារព័ត៌មាន AP មានបុគ្គលិកយោធាអាមេរិក និងសមាជិកគ្រួសារប្រហែល ៥,០០០ នាក់កំពុងស្នាក់នៅ និងបំពេញការងារនៅមូលដ្ឋាននេះ។

ប្រែសម្រួលៈ ណៃ តុលា

To Top