អ៊ីរង់ បញ្ជូនលក្ខខណ្ឌ សម្រាប់ការស្តារឡើងវិញនូវការទូត ទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួលកាតា
តេអេរ៉ង់៖ លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា ជំហរ និងលក្ខខណ្ឌរបស់ប្រទេសខ្លួនសម្រាប់ “ការស្តារឡើងវិញនូវការទូត” ត្រូវបានបញ្ជូនយ៉ាងច្បាស់លាស់ទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃមុន តាមរយៈការសម្របសម្រួលរបស់ប្រទេសកាតា។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Baghaei បានឧ្យដឹងថា ជុំថ្មីមួយនៃ “ការផ្លាស់ប្តូរសារ និងការបំភ្លឺ” បានកើតឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅក្រៅកិច្ចប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ។
លោកបានរាយបញ្ជីលក្ខខណ្ឌមួយចំនួនរបស់ទីក្រុងតេអេរ៉ង់ រួមមាន “ការបញ្ឈប់សកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិក រួមទាំងការបិទខ្ទប់ផ្លូវសមុទ្រ និងអំពើភេរវកម្មសេដ្ឋកិច្ច; ការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ; ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ឬដាក់កម្រិត; និងការទទួលយកផ្លូវដឹកជញ្ជូនតាមសមុទ្រប្រកបដោយសុវត្ថិភាពនៅក្នុងច្រកសមុទ្រហ័រមូស តាមរបៀបដែលបានព្រមព្រៀងគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់សមុទ្រនេះ (គឺអ៊ីរ៉ង់ និងអូម៉ង់)”។
ដោយដកស្រង់ប្រភពព័ត៌មានផ្ទាល់ខ្លួន ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានជួបជាមួយលោក Steve Witkoff ដែលជាបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ហើយបានបញ្ជូន “ជំហរដ៏ម៉ឺងម៉ាត់” របស់ប្រទេសខ្លួនទៅកាន់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបើកច្រកសមុទ្រហ័រមូស ឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
