តម្លៃប្រេងបានធ្លាក់ចុះ ខណៈទីផ្សាររង់ចាំមើល បទឈប់បាញ់របស់អ៊ីរ៉ង់
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រ ខណៈដែលទីផ្សារកំពុងថ្លឹងថ្លែង រវាងលទ្ធភាពនៃការឈប់បាញ់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធៀបនឹងការវាយប្រហារដោយគ្រាប់បែក របស់ក្រុមឧទ្ទាម Houthi ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីតម្លៃប្រេងបានកើនឡើងខ្ពស់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេង Brent បានធ្លាក់ចុះ ៨៧ សេន ឬ ០,៨២% មកនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេង West Texas Intermediate (WTI) បានធ្លាក់ចុះ ១,៥៦ ដុល្លារ ឬ ១,៦៥% មកនៅត្រឹម ៩៣,០៥ ដុល្លារក្នុងមួយបារ៉ែល។
ការបើកជួញដូរក្នុងកម្រិតទាបនេះ គឺផ្ទុយស្រឡះពីសប្តាហ៍ ដែលមានភាពប្រែប្រួលខ្លាំង ដែលក្នុងនោះតម្លៃប្រេង បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍។ កិច្ចសន្យាប្រេងទាំងពីរប្រភេទបានកើនឡើងរហូតដល់ ៥%។ តម្លៃប្រេង Brent បានបិទការជួញដូរដោយកើនឡើង ៣,៤% ហើយ WTI បានកើនឡើង ២,៧%។
តម្លៃប្រេង Brent បានកត់ត្រាកម្រិតបិទខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញាមក។ នេះគឺជាការកើនឡើងលើកដំបូងក្នុងរយៈពេលប៉ុន្មានថ្ងៃសម្រាប់ប្រេង WTI ដែលបានធ្លាក់ចុះ ១៣% ក្នុងរយៈពេល ៦ វគ្គជួញដូរមុននេះ និងបានធ្លាក់ចុះ ៦,៤២% សម្រាប់សប្តាហ៍នេះ បើធៀបនឹងការកើនឡើង ២,០៩% របស់ប្រេង Brent។
ប្រែសម្រួលៈ តុលា
