ព័ត៌មានអន្តរជាតិ

គណៈប្រតិភូ​ ជាច្រើនដើរចេញពេលលោក ណេតាន់យ៉ាហ៊ូ ឡើងថ្លែងការណ៍ នៅអង្គការសហប្រជាជាតិ ខណៈលោក ត្រាំ ព្រមានជុំវិញបញ្ហាអ៊ីរ៉ង់ និងអ៊ុយក្រែន

ញូវយ៉ក៖ ព្រឹត្តិការណ៍មហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានក្លាយជាវេទិកាដ៏ក្តៅគគុកមួយ ដោយមានការវិវត្តសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងមេដឹកនាំពិភពលោក នេះបើតាមការចេញផ្សាយពីសារព័ត៌មាន​ Sky News ថ្ងៃទី២៤​ ខែកញ្ញា ឆ្នាំ២០២៦។

ការដើរចេញតវ៉ានឹងលោក Benjamin Netanyahu គណៈប្រតិភូមកពីបណ្តាប្រទេស ជាច្រើនសិបនាក់ បាននាំគ្នាដើរចេញពីសាលប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងរៀបចំឡើងថ្លែងសុន្ទរកថា។ ឆ្លើយតបនឹងទិដ្ឋភាពនេះ លោក ណេតាន់យ៉ាហ៊ូ បានចាប់ផ្តើមសុន្ទរកថារបស់លោកដោយរិះគន់អ្នកដែលដើរចេញទាំងនោះថាជា «ជនកំសាកខាងសីលធម៌» (Moral cowards) ព្រមទាំងបន្តការពារយ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងជំហរប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេស្គៀន (Masoud Pezeshkian) ខណៈដែលសហគមន៍អន្តរជាតិកំពុងត្រៀមលក្ខណៈទប់ទល់នឹងភាពតានតឹងដែលអាចកើតមាន។ ទោះជាយ៉ាងណាក្តី លោក ត្រាំ ក៏បានព្រមានធ្ងន់ៗផងដែរអំពីជម្រើសរវាងការចរចាកិច្ចព្រមព្រៀងថ្មី ឬការចាត់វិធានការយោធាដែលលោកហៅថាអាច «កម្ទេច» របបអ៊ីរ៉ង់បាន ប្រសិនបើចាំបាច់។

ដោយឡែក ជុំវិញសង្គ្រាមនៅអ៊ុយក្រែន សហរដ្ឋអាមេរិកបានចេញការព្រមានជាថ្មីម្តងទៀតអំពីការកើនឡើងនៃជម្លោះ បន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់បានលើកឡើងពីបញ្ហាទម្លាក់គ្រាប់បែកនៅតាមសាលារៀន ស្របពេលដែលតំណាងសហរដ្ឋអាមេរិកបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនគួរតែបញ្ចប់តាមរយៈកិច្ចចរចា ជាជាងការស្វែងរកជ័យជម្នះផ្នែកយោធា។

កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងបរិបទដែលអង្គការសហប្រជាជាតិកំពុងប្រឈមមុខនឹង «ការដួលរលំហិរញ្ញវត្ថុ» ព្រមទាំងការប្រេះឆាយ៉ាងខ្លាំងរវាងមហាអំណាចធំៗ ជុំវិញវិបត្តិនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត ដែលធ្វើឱ្យស្ថាប័នពិភពលោកមួយនេះ ហាក់កំពុងស្ថិតក្នុងភាពរាំងស្ទះក្នុងការស្វែងរកសន្តិភាព៕

ប្រែសម្រួល៖​គីរី

To Top