ដាណឺម៉ាកព្រមានថា រុស្ស៊ីនឹងបង្កើន «សង្គ្រាមកូនកាត់» ប្រឆាំងលោកខាងលិច នៅប៉ុន្មានខែខាងមុខ
កូប៉ិនហាក៖ ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ការពារជាតិដាណឺម៉ាក បានចេញសេចក្តីព្រមានយ៉ាងធ្ងន់ធ្ងរមួយដោយបញ្ជាក់ថា ប្រទេសរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងបង្កើនសកម្មភាព «សង្គ្រាមកូនកាត់ ឬសង្គ្រាមចម្រុះ» (Hybrid Warfare) របស់ខ្លួនប្រឆាំងនឹង បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តណាតូ (NATO) នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យោងតាមការចេញផ្សាយពីសារព័ត៌មាន Sky News ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍វាយតម្លៃចុងក្រោយ ការកើនឡើងនូវសកម្មភាពអរិភាពនេះ មានគោលដៅធ្វើឱ្យរាំងស្ទះដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់អឺរ៉ុប ដែលនឹងបង្កផលវិបាកធ្ងន់ធ្ងរជាងមុនសម្រាប់ប្រទេសគោលដៅ និងអាចមានហានិភ័យខ្ពស់បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសថែមទៀតផង។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដាណឺម៉ាកបានគូសបញ្ជាក់ថា រុស្ស៊ីបានបង្កើនការប្រើប្រាស់វិធីសាស្ត្របំផ្លិចបំផ្លាញ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattacks) កម្រិតធ្ងន់ធ្ងរដែលអាចធ្វើឱ្យខ្វិនដល់មុខងារសំខាន់ៗរបស់សង្គម និងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drones) វាយប្រហារលើគោលដៅផ្សេងៗនៅអឺរ៉ុប។ ឆ្លើយតបទៅនឹងការគំរាមកំហែងនេះ អាជ្ញាធរដាណឺម៉ាកទើបតែបានសម្រេចដំឡើងកម្រិតហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអុីនធឺណិតពី «កម្រិតមធ្យម» ទៅ «កម្រិតខ្ពស់»។
របាយការណ៍នេះបានវាយតម្លៃថា រុស្ស៊ីបច្ចុប្បន្នកំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន។ កត្តាជំរុញចម្បងៗរួមមាន ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដែលបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើន។ ការខាតបង់កងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីដូរយកការគ្រប់គ្រងដែនដីដ៏តិចតួចនៅអ៊ុយក្រែន។ សេដ្ឋកិច្ចរុស្ស៊ីកំពុងឈានដល់មាត់ជ្រោះនៃវិបត្តិធ្ងន់ធ្ង ដោយសារការចំណាយយោធាកើនឡើង និងការដាក់ទណ្ឌកម្មជាអន្តរជាតិ។ ទោះបីជាមិនមានសញ្ញាណាមួយបង្ហាញថា រុស្ស៊ីអាចសម្រេចជ័យជម្នះធំដុំនៅអ៊ុយក្រែនក្នុងរយៈពេល ៦ខែ ខាងមុខយ៉ាងណាក្តី ប៉ុន្តែរបាយការណ៍អះអាងថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន «មិនទំនងជាព្រមបោះបង់ចោល» គោលដៅស្នូលរបស់ខ្លួនឡើយ។
ទីក្រុងមូស្គូជឿជាក់ថា អឺរ៉ុបនឹងអភិវឌ្ឍសមត្ថភាពយោធាស្វ័យភាពរបស់ខ្លួនបន្តិចម្តងៗ ដែលវានឹងក្លាយជាការគំរាមកំហែងកាន់តែខ្លាំងចំពោះរុស្ស៊ីនៅត្រឹមឆ្នាំ២០៣០។ ដោយហេតុនេះហើយ រយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺជា «ឱកាសមាស» មួយដែលលោក ពូទីន អាចនឹងសម្រេចចិត្តប្រថុយ ដើម្បីផ្លាស់ប្តូរទាំងស្រុងនូវសណ្តាប់ធ្នាប់សន្តិសុខនៅអឺរ៉ុប។ ថ្វីដ្បិតតែការឈ្លានពានយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើសម្ព័ន្ធមិត្តណាតូនៅមិនទាន់អាចកើតឡើងភ្លាមៗក្តី ប៉ុន្តែហានិភ័យនៃការវាយប្រហារយោធាក្នុងកម្រិតតូចមួយ កំពុងតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ។
ប្រែសម្រួល៖ គីរី
