ការកសាងទំនាក់ទំនង ប្រកបដោយលក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក ដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ មិនមែនជាវិធានការ បណ្តោះអាសន្ននោះទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងថា ការកសាងទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនារវាងចិន និងសហរដ្ឋអាមេរិក ដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ មិនមែនជាវិធានការបណ្តោះអាសន្ននោះទេ។
ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា ប្រទេសចិនសង្ឃឹមថា ភាគីអាមេរិកនឹងប្រកាន់ខ្ជាប់ នូវជំហរត្រឹមត្រូវក្នុងការប្រឆាំងនឹង «ឯករាជ្យភាពរបស់តៃវ៉ាន់» និងដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី និងការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។
នៅក្នុងជំនួបពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន លោក ស៊ី ក៏បានថ្លែងផងដែរថា ជំហររបស់ប្រទេសចិន ក្នុងការការពារឯកភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន គឺមានភាពច្បាស់លាស់បំផុត។
នៅក្នុងនោះដែរប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រឡប់មកកាន់ផ្លូវ នៃការដោះស្រាយបញ្ហាផ្សេងៗតាមរយៈកិច្ចសន្ទនា និងការចរចាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន លោក ស៊ី ជីនពីង បានលេីកឡេីងថា ប្រទេសចិនតែងតែជឿជាក់ថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានគោរព ហើយចិនតែងតែដើរតួនាទីប្រកបដោយស្ថាបនាក្នុងការបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយភាពតានតឹងនៃស្ថានភាព។
លោកបានលេីកឡេីងថា ប្រទេសចិន បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យបន្តប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី និងរក្សានូវដំណើរការនៃការចរចា។
លោកក៏បានឧ្យដឹងផងដែរថា ប្រទេសចិនគាំទ្រសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងការត្រឡប់ទៅអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ទីក្រុងអ៊ីស្លាម៉ាបាដវិញ។
លោកក៏បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់លើបញ្ហានុយក្លេអ៊ែរ និងបញ្ហាផ្សេងៗទៀត ហើយសម្រេចបាននូវសន្តិភាពនៅពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា
