ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសសម្ព័ន្ធមិត្ត រួបរួមគ្នាគាំទ្រអារ៉ាប៊ីសាអូឌីត ខណៈក្រុមហ៊ូទីបង្កើន ការវាយប្រហារ

បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសប៉ាគីស្ថាន នឹងរៀបចំកិច្ចប្រជុំបន្ទាន់កម្រិតខ្ពស់មួយក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិរួមគ្នា ដើម្បីពិភាក្សាអំពីវិធីសាស្ត្រនានាក្នុងការគាំទ្រ ដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចំពេលដែលមានការវាយប្រហារពីសំណាក់ក្រុមហ៊ូទី (Houthis) របស់ប្រទេសយេម៉ែន ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ព្យាយាម រក្សាគម្លាតពីសកម្មភាពវាយលុក យ៉ាងឆាប់រហ័សរបស់សម្ព័ន្ធមិត្តហ៊ូទីរបស់ខ្លួន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រុមហ៊ូទីបានបើកការវាយប្រហារ ទៅលើរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងបានបាញ់ផ្លោងជាបន្តបន្ទាប់ ចូលទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដែលបង្កការរំខានដល់ការដឹកជញ្ជូនប្រេងពីប្រទេសនាំចេញថាមពលដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃជម្លោះដ៏ធំទូលាយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមឡើងជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ។

ក្រុមហ៊ូទីបានអះអាងថា ពួកគេបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones) ជាច្រើនគ្រាប់ទៅលើគោលដៅនានា ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលអាជ្ញាធរអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា ពួកគេបានស្ទាក់ចាប់មីស៊ីលផ្លោង (ballistic missiles) ចំនួន ៦ គ្រាប់ ដែលបាញ់ដោយក្រុមហ៊ូទី។

មុននេះ អារ៉ាប៊ីសាអូឌីតបានចេញការជូនដំណឹងបន្ទាន់សម្រាប់តំបន់មួយចំនួន រួមទាំងទីក្រុងដ៏ពិសិដ្ឋ Mecca ទីក្រុង Jeddah និងទីក្រុង Yanbu ដែលជាកំពង់ផែប្រេងដ៏សំខាន់ របស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អារ៉ាប៊ីសាអូឌីត មេដឹកនាំសាសនាជាន់ខ្ពស់ របស់ប្រទេសនេះបានអំពាវនាវ ឱ្យទាហាននៅក្នុងព្រះរាជាណាចក្រត្រៀមខ្លួនលះបង់ជីវិតដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទី រហូតទាល់តែក្រុមនេះត្រូវបានបណ្តេញចេញពីអំណាច។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតគឺ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីត ប៉ាគីស្ថាន និងតួកគី បានជួបប្រជុំគ្នាក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិរួមគ្នា Mecca (Mecca Joint Defence Agreement)។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពួកគេបានថ្កោលទោសការវាយប្រហារដែលកំណត់គោលដៅលើទីក្រុង Mecca និងទីតាំងស៊ីវិលផ្សេងទៀត ព្រមទាំងបានបញ្ជាក់ឡើងវិញអំពីសិទ្ធិរបស់អារ៉ាប៊ីសាអូឌីតក្នុងការការពារខ្លួន។

To Top