ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជំទាស់នឹងសំណើរបស់ចិន ក្នុងការបន្ថែមជើងហោះហើរត្រង់ មកកាន់សហរដ្ឋអាមេរិក

បរទេស៖ ប្រធានក្រុមឧស្សាហកម្ម “Airlines for America” បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជំទាស់នឹងការបន្ថែមជើងហោះហើរត្រង់ ពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិក ទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងពីគំនិតនេះក៏ដោយ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Chris Sununu ដែលជាប្រធានក្រុមតំណាងឱ្យក្រុមហ៊ុន អាកាសចរណ៍នានាដូចជា American Airlines, United Airlines, Delta Air Lines និងក្រុមហ៊ុនផ្សេងទៀត បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនៅតែជួបការលំបាក ដោយសារតែក្រុមហ៊ុនអាកាសចរណ៍ចិន ត្រូវបានអនុញ្ញាតឱ្យហោះហើរឆ្លងកាត់ដែនអាកាសរុស្ស៊ីសម្រាប់ជើងហោះហើរចំនួន ៨ ។ លោកបានបញ្ជាក់ថា លោកបានជំរុញទៅកាន់មន្ត្រីរដ្ឋបាលរបស់លោក Trump មិនឱ្យយល់ព្រមតាមសំណើនេះឡើយ។

លោក Sununu បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «វាមិនមែនជារឿងតូចតាចនោះទេ។ វាជាការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលត្រូវហោះហើរវាងវៀសមិនឆ្លងកាត់រុស្ស៊ី»។

នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានលើកឡើងពីគំនិតនៃការបង្កើនជើងហោះហើរ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងចិន អាចដំណើរការជើងហោះហើរទៅ-មកបានប្រហែល ៥០ជើងក្នុងមួយសប្តាហ៍រៀងៗខ្លួន។

លោក ស៊ី បានមានប្រសាសន៍ថា៖ «ភាគីទាំងពីររបស់យើងក៏អាចបង្កើនជើងហោះហើរត្រង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មទៅវិញទៅមកផងដែរ»។

មុនពេលមានការដាក់ចេញនូវវិធានការរឹតបន្តឹងនៅដើមឆ្នាំ ២០២០ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ភាគីនីមួយៗត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការជើងហោះហើរដឹកអ្នកដំណើរទៅ-មកជាង ១៥០ ជើងក្នុងមួយសប្តាហ៍។ ប៉ុន្តែរហូតមកដល់ខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុនអាកាសចរណ៍របស់ចិន និងសហរដ្ឋអាមេរិកនីមួយៗអាចហោះហើរបានត្រឹមតែ ១២ ជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍រវាងប្រទេសទាំងពីរ។

To Top